សម្ដេចតេជោផ្តល់ទស្សនទានរូបមន្ត១បូក ក្នុងការវិនិយោគពេលប្រទេសជួបវិបត្តិ

ដោយ: ម៉ាលីស

ភ្នំពេញ: សម្ដេចតេជោ បានផ្ដល់ទស្សនៈជូន លោក Joo Ok Lee ប្រធានកម្មវិធីតំបន់ ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) ថា រូបមន្ត១បូក ឬការវិនិយោគមិនប្រមូលផ្ដុំ ក្នុងការដោះស្រាយនៅពេលដែលប្រទេសមួយជួបនូវវិបត្តិ។

រូបមន្ត១បូក នោះគឺការវិនិយោគមិនប្រមូលផ្ដុំ មានន័យថាការវិនិយោគនៅប្រទេសមួយហើយគប្បីណាវិនិយោគនៅប្រទេសជាប់នោះមួយទៀត ដើម្បីដោះស្រាយនៅពេលដែលប្រទេសមួយជួបនូវវិបត្តិ។

ជាក់ស្តែង បញ្ហាជំងឺកូវីដ១៩ រីករាលដាលជាដើម ប្រទេសមួយទៀតអាចបំពេញនូវតម្រូវការ ប្រទេសមួយទៀត ដើម្បីរក្សានូវស្ថិរភាព ការផ្គត់ផ្គង់ទំនិញ ក៏ដូចជាការទាញចំណាប់អារម្មណ៍ទៅលើការវិនិយោគ លើវិស័យ ឌីជីថល ដែលកន្លងមកនេះវិស័យឌីជីថលមិនត្រឹមតែមិនមានការប៉ះពាល់ជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ១៩ទេ ផ្ទុយទៅវិញវិស័យនេះបាននឹងកំពុងតែវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។

ទស្សនទាននេះត្រូវបានផ្តល់ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Joo Ok Lee ប្រធានកម្មវិធីតំបន់ ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Joo Ok Lee បានមានប្រសាសន៍ថា លោកបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ហើយនៅពេលនេះ ឃើញថាប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលនេះក៏ដោយ។

លោកបញ្ជាក់ថា ប្រសិនបើគ្មានការរីករាលដាលនៃជំងឺកូវីដ១៩ជាសកលនោះទេ កម្ពុជាពិតជាមានការអភិវឌ្ឍរីកចម្រើនជាងនេះទៅទៀត។

លោក Joo Ok Lee បានគោរពជម្រាបជូនសម្តេចតេជោ អំពីដំណើរការរៀបចំកិច្ចប្រជុំវេទិការសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ហើយឯកឧត្តមនឹងទទួលទស្សនៈ ក៏ដូចជាអនុសាសន៍ល្អៗពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ទាក់ទងទៅនឹងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងនាមសម្ដេចតេជោជាប្រធានអាស៊ាន។

ឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយ លោក Joo Ok Lee ដែលលើកឡើងថាប្រសិនបើគ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ជាសកលនោះទេ កម្ពុជានឹងមានការរីកចម្រើនជាងនេះ ជាមួយនឹងការកាត់បន្ថយភាពក្រីក្រ កាន់តែច្រើនបន្ថែមទៀត ។

ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោក Joo Ok Lee ផងដែរថា កម្ពុជាបានចាក់ស្រោចវ៉ាក់សាំកូវី១៩ ទៅដល់ប្រជាពលរដ្ឋកម្ពុជា ហើយក៏បានបើកប្រទេសជាតិឡើងវិញកាលពីថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានការកើនឡើង ប្រមាណជា ៥,៦% សម្រាប់ឆ្នាំ២០២២ នេះ។

ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ បានមានប្រសាសន៍ថា អ្វីដែលសម្ដេចចង់បាន គឺអាស៊ានសហការគ្នាបើកប្រទេសឡើងវិញព្រមគ្នា ជំរុញទំនាក់ពាណិជ្ជកម្មក្នុងតំបន់ និងបំពេញឲ្យគ្នាទៅវិញទៅមក ជាពិសេសនៅពេលដែលទាំងអស់គ្នារស់នៅក្នុងបរិបទថ្មីនៃសម័យកូវីដ១៩ នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here