តើហេតុការណ៍សំខាន់ៗអ្វីខ្លះបានកើតឡើងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន?

ដោយៈសុខុម

អន្តរជាតិ: យោធារុស្ស៊ី អះអាងថា ខ្លួនបានគ្រប់គ្រងទីក្រុងដ៏សំខាន់ជាយុទ្ធសាស្ត្រ Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ខណៈកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និយាយថា កងទ័ពអាកាសរុស្ស៊ី បានចុះចតក្នុងទីក្រុងធំបំផុតទី២ Kharki របស់អ៊ុយក្រែន ហើយបានឈានដល់ការប៉ះទង្គិចគ្នាភ្លាមៗ។

ខាងក្រោមនេះ ជាព្រឹត្តិការណ៍សំខាន់ៗគិតត្រឹមថ្ងៃពុធ ទី២ ខែមីនា ជាថ្ងៃទី៧ នៃការចូលឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី ចូលប្រទេសអ៊ុយក្រែន៖

*ក្រុង Kherson
យោធារុស្ស៊ី អះអាងថាបានគ្រប់គ្រងទាំងស្រុងលើ Kherson ដែលជាទីក្រុងកំពង់ផែដ៏សំខាន់របស់អ៊ុយក្រែន នៅសមុទ្រខ្មៅ។ រូបភាពវីដេអូបង្ហាញពីកងកម្លាំង និងរថក្រោះរបស់រុស្ស៊ី នៅកណ្តាលទីក្រុងនេះ ចំពេលមានសេចក្ដីរាយការណ៍ អំពីការដំឡើងប៉ុស្តិ៍ត្រួតពិនិត្យជុំវិញទីក្រុងនេះ។

*ការប្រយុទ្ធគ្នាក្នុងទីក្រុង Kharkiv
ទាហានឆត្រយោងរុស្ស៊ី បានចុះចតនៅទីក្រុងទី២ របស់អ៊ុយក្រែន ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ ក្រុមមន្ត្រីអ៊ុយក្រែន និយាយថា មន្ទីរពេទ្យមួយត្រូវបានវាយប្រហារ ហើយបន្ទាយនៃសាលាហ្វឹកហាត់ បើកយន្តហោះមួយត្រូវបានឆេះ បន្ទាប់ពីការវាយឆ្មក់តាមអាកាស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

*ប្រធានាធិបតី ចូ បៃឌិន ហៅលោក ពូទីន ថាជាជនផ្តាច់ការ
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជា “ជនផ្តាច់ការ” ក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកនៅសភាអាមេរិក ហើយបានប្រកាសហាមឃាត់ យន្តហោះរុស្ស៊ី មិនឱ្យប្រើប្រាស់ដែនអាកាសអាមេរិក។

*រុស្ស៊ី ជំរុញប្រជាជនក្នុងរដ្ឋធានីគៀវ ភៀសខ្លួនចេញ
ក្រសួងការពារជាតិរបស់រុស្ស៊ី បានជំរុញឱ្យប្រជាជន ក្នុងរដ្ឋធានីគៀវ ប្រញាប់ភៀសខ្លួនចេញ ហើយនិយាយថា ខ្លួននឹងបើការវាយប្រហារដោយមិនរើសមុខ ឱ្យតែតំបន់ណា ដែលប្រើប្រាស់ដោយកងទ័ពអ៊ុយក្រែន។

រុស្ស៊ី បានហៅការវាយប្រហាររបស់ខ្លួន លើប្រទេសអ៊ុយក្រែនថាជា “ប្រតិបត្តិការពិសេស” មិនមែនជាការឈ្លានពាន ដើម្បីដណ្ដើមទឹកដីនោះឡើយ។

*ជួរកងរថពាសដែក
មន្ត្រីអាមេរិកម្នាក់និយាយថា កងរថពាសដែកមួយជួរប្រវែងរាប់គីឡូម៉ែត្រ ដែលតម្រង់ចូលទៅកាន់រដ្ឋធានីគៀវ មិនបានរុលរុលទៅមុខទេក្នុងរយៈពេ២៤ម៉ោងកន្លងមកនេះ ដោយបានជាប់គាំងដោយបញ្ហាដឹកជញ្ជូ​ន កង្វះខាតប្រេងឥន្ធនៈ និងស្បៀងអាហារ ហើយប្រហែលជាផ្អាកដើម្បីវាយតម្លៃយុទ្ធសាស្ត្រឡើងវិញ។

*ជនស៊ីវិលរត់ភៀសខ្លួន
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិនិយា​យថា មនុស្សជាង៦៧៧.០០០នាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី ចូលឈ្លានពាន ហើយចំនួននេះ នឹងកើនឡើងយ៉ាងឆាប់រហ័ស។

*តុលាការ ICJ របស់អង្គការសហប្រជាជាតិ នឹងបើកសវនាការសង្គ្រាម
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) របស់អង្គការសហប្រជាជាតិនិយា​យថា ខ្លួននឹងបើកសវនាការជាសាធារណៈនៅថ្ងៃទី៧ និងទី៨ ខែមីនា ខាងមុខនេះ ជុំវិញការចោទប្រកាន់របស់អ៊ុយក្រែន អំពី “អំពើប្រល័យពូជសាសន៍” ប្រព្រឹត្តដោយប្រទេសរុស្ស៊ី ខណៈមហាសន្និបាតអង្គការសហប្រជាជាតិនឹងត្រូវបោះឆ្នោតនៅថ្ងៃពុធ ទី២ មីនា នេះថា តើត្រូវបញ្ជាឱ្យរុស្ស៊ី ដកកងទ័ពរបស់ខ្លួនចេញ ពីប្រទេសអ៊ុយក្រែន ឬយ៉ាងណា។

*ក្រុមហ៊ុននានាសម្រុកចាកចេញពីប្រទេសរុស្ស៊ី
ក្រុមហ៊ុនលោកខាងលិចជាច្រើននិយាយថា ខ្លួននឹងផ្អាក ឬកាត់បន្ថ​យការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសរុស្ស៊ី រួមទាំងក្រុមហ៊ុន Apple ក្រុមហ៊ុន Eni ក្រុមហ៊ុន ExxonMobil និងក្រុមហ៊ុន Boeing ផងដែរ។

*គម្រោងបំពង់បញ្ជូនឧស្ម័ន Nord Stream 2 ក្ស័យធន
គម្រោងបំពង់បញ្ជូនឧស្ម័ន Nord Stream 2 របស់រុស្ស៊ី បានក្ស័យធន បន្ទាប់ពីប្រទេសអាល្លឺម៉ង់ បញ្ឈប់ការដំណើរការបំពង់បង្ហូរឧស្ម័នដ៏ធំនេះ បន្ទាប់ពីការក្រុងមូស្គូ ចូលឈ្លានពានប្រទេសអ៊ុយក្រែន។ ក្រុមហ៊ុនបុត្រនៃធនាគាររុស្ស៊ី Sberbank នៅអឺរ៉ុប ក៏កំពុងត្រៀមក្ស័យធនផងដែរ។

*តម្លៃប្រេងហក់ឡើងខ្ពស់យ៉ាងគំហុក
តម្លៃប្រេងបានឡើងលើស១១០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល បើទោះបីជាបណ្ដាសមាជិក នៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) យល់ព្រមព្រៀងបញ្ចេញស្តុកប្រេង រហូតដល់ទៅ៦០លានបារ៉ែល ដើម្បីទប់តម្លៃក៏ដោយ។

*បណ្តាញដឹកជញ្ជូនរបស់ពិភពលោកឈប់ដឹកទំនិញឱ្យរុស្ស៊ី
ក្រុមហ៊ុនដឹកជញ្ជូនយក្សរបស់ដាណឺម៉ាក Maersk ក្រុមហ៊ុនស្វីស MSC និងក្រុមហ៊ុនបារាំង CMA CGM បាននិយាយថា ពួកគេនឹងលែងទទួលយកការកក់ទំនិញ ពីប្រទេសរុស្ស៊ីទៀតហើយ ហើយនឹងផ្អាកការដឹកជញ្ជូនទំនិញភាគច្រើន។

*ជំនួយរបស់ធនាគារពិភពលោក
ធនាគារពិភពលោក (World Bank) បានត្រៀមកញ្ចប់ជំនួយចំនួន៣ពាន់លានដុល្លារអាមេរិក សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន រួមទាំង​មូលនិធិភ្លាមៗ យ៉ាងហោចណាស់៣៥០លានដុល្លារផងដែរ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here