ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ឋជាច្រើនបាន និងកំពុងសាងសង់នៅក្នុងខេត្តកែប ដែលជាខេត្តមានធនធានធម្មជាតិដ៏សម្បូរបែប និងត្រូវបានរដ្ឋាភិបាលរៀបចំជាតំបន់វិស្សមកាលកម្រិតខ្ពស់។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានរៀបចំពិធីក្រុងពលី បើកការដ្ឋានសាងសង់ផ្លូវ កៅស៊ូអាសេ ប្របមាត់សមុទ្រប្រវែង១២,៧៥០គីឡូម៉ែត្រ។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបានមានប្រសាសន៍៍ឲ្យដឹងថា ផ្លូវប្របមាត់សមុទ្រប្រវែងជាង ១២គីឡូម៉ែត្រ គឺជាអនុគម្រោងទី២ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែប សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ ផ្លូវនេះតភ្ជាប់ពីចំណុច កំពង់ផែទេសចរណ៍កោះទន្សាយ ក្នុងក្រុងកែប ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១៣៣២ ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប លោកប្រធានមន្ទីរ បញ្ជាក់ថា ដោយសារស្ថានភាពភូមិសាស្ត្រ ការស្ថាបនាផ្លូវនេះ ត្រូវបានចែកចេញជា៤ផ្នែក។
មានប្រសាសន៍ស្វាគមន៍នៅក្នុងឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ចាក់ថា ថ្វីត្បិតយើងកំពុងរួមគ្នាប្រយុទ្ធប្រឆាំង និងជំងឺកូវីដ-១៩ក៏ដោយ តែវាមិនមែនជាឧបសគ្គ ក្នុងដំណើរការអភិវឌ្ឍឡើយ ដោយសាកត្តាសន្តិភាពពេញបរិបូណ៍ និងគោលនយោបាយដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ម្រមុខរាជរដ្ឋភិបាល ខេត្តកែប នៅតែបន្តអនុវត្តនូវគម្រោងអភិវឌ្ឍនានា ជាប់ជាប្រចាំ ។
លោកបន្តថា បច្ចុប្បន្នរដ្ឋបាលខេត្តកំពុង ធ្វើការពង្រីក និងកែលម្អឆ្នេរជ្រោយដូង មុខសាលាខេត្ត, សម្របសម្រួលការកសាងឆ្នេរកំសាន្តសាធារណៈប្រវែង២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាម ដល់ព្រៃកោងកាង ។ ដោយឡែកសម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ ដែលខេត្តកែបទទួលបានមានបីគម្រោង ទី១-គម្រោងសាងសង់ទីលានកប់សម្រាម ក្នុងនោះមានការកសាងហេដ្ឋារចនាសម្ព័ន្ធមួយ ផ្លូវបេតុប្រវែង៣.៥គឺឡូម៉ែត្រ ទី២- គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ ប្រវែងជាង១២គីឡូម៉ែត្រ និងទី៣-គម្រោងសាងសង់ ផែទេសចរណ៍នៅកោះទន្សាយ ដែលគ្រោងនិងបច្ចប់នៅឆ្នាំ២០២៣ខាងមុខ។
លោកជឿជាក់ថា ផ្លូវACនេះ និងបានជាប្រយោជន៍ ឆ្លើយតប និងតម្រូវការរបស់ប្រជាពលរដ្ឋ និងជាសសៃឈាមតភ្ជាប់ តំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលនៃឆ្នេរអង្កោល ទាក់ទាញបានភ្ញៀវទេសចរណ៍កាន់តែច្រើនឡើង ជំរុញសេដ្ឋកិច្ចមូលដ្ឋាន បង្កើនឱកាសការងារ រកប្រាក់ចំណូល ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង រួមចំណែកកាត់បន្ថយភាពក្រីក្រ ឆ្លើយតបយុទ្ធសាស្ររបស់រាជរដ្ឋាភិបាល។
ចំណែកលោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវនេះនិងបានជាសមិទ្ធផលថ្មី បន្ថែមទៀត សម្រាប់ខេត្តកែប ក្នុងការបំពេញសម្បទាទេសចរណ៍ ពិសេសនិងប្រែក្លាយតំបន់ទេសចរណ៍ឆ្នេរអង្កោលនេះ អោយកាន់តែមានសោភណភាព ងាយស្រួសដល់ការធ្វើដំណើររបស់ភ្ញៀវទសចរណ៍ជាតិ អន្តរជាតិ មកកាន់តំបន់នេះ ។
លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើវិស័យទេសចរណ៍ ដោយចាត់ទុកថាជាឧស្សាហកម្មគ្មានផ្សែង ហើយបានជម្រុញ ឲ្យមានការអភិវឌ្ឍតំបន់ទេសចរណ៍ជាអាទិ៍ បានចំណាយជាង៣០០លានដុល្លា ក្នុងការរៀបចំក្រុងព្រះស៊ីហនុ ១៥០លានដុល្លារៀបចំក្រុងសៀមរាប ហើយខេត្តកែបក៏កំពុង ធ្វើការកែលំអរតំបន់ទេសចរណ៍ជាច្រើនកន្លែងផងដែរ ដែលនេះគឺជាចក្ខុវិស័យច្បាស់លាស់ ក្នុងការត្រៀមទទួលភ្ញៀវទេសចរណ៍ទូទាំងពិភពលោក បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រង៕