សហគ្រិនស្ត្រីជួបប្រទះនឹងបញ្ហាជាងសហគ្រិនជាបុរសក្នុងវិបត្តិកូវីដ១៩

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លងទៅ ស្ទើរតែគ្រប់វិស័យបានជួបប្រទះ នឹងបញ្ហាក្នុងនោះដែរសហគ្រិនជាស្ត្រីជាអ្នកដែលប៉ះពាល់នឹងវិបត្តិ ហើយពិបាកជាងសហគ្រិនជាបុរស ។ នេះបើតាមលោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា។

លោកជំទាវឧកញ៉ាបានមានប្រសាសន៍ថា នៅក្នុងវិបត្តិកូវីដ១៩ សា​លា​រៀនបានបិទ ហើយក្មេងៗត្រូវរៀនតាមអនឡាញ។ ដូច្នេះបន្ទុកទាំងនេះត្រូវធ្លាក់ទៅលើស្ត្រីជាអ្នករ៉ាប់រង ជាក់ស្ដែងនៅពេលមានវិបត្តិដែលកូនៗ មិនបានទៅសាលារៀន ពួកគាត់ត្រូវនៅផ្ទះមើលថែកូនអប់រំកូន និងណែនាំឱ្យកូនរៀនតាមអនឡាញជាដើម។

លោកជំទាវបន្តថា ក្រៅពីបញ្ហានេះ សហគ្រិនស្ត្រីក៏នៅតែមានបញ្ហាប្រឈមជាច្រើនផងដែរ នៅក្នុងដំណើរការអាជីវកម្ម ក្នុងនោះការទទួលបានហិរញ្ញវត្ថុមកប្រើប្រាស់ ក្នុងអាជីវកម្មនៅមានកម្រិត ធនាគារ និងមីក្រូហិរញ្ញវត្ថុតម្រូវឱ្យសហគ្រិន មានទ្រព្យបញ្ចាំមុននឹងទទួលបានហិរញ្ញវត្ថុ មកប្រើប្រាស់ក្នុងអាជីវកម្ម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវឧកញ៉ាកែវ មុំបានបន្ថែមថា បច្ចុប្បន្ននេះ សហគ្រិនជាស្ត្រីមានចំនួនច្រើនជាងបុរស ដូច្នេះសហគ្រិនស្ត្រីមានតួនាទីសំខាន់ ក្នុងសេដ្ឋកិច្ច និងចូលរួមក្នុងការផលិតនូវទំនិញ សម្រាប់បម្រើនូវសេចក្ដីត្រូវការក្នុងប្រទេសនិងនាំចេញ។

លោកបណ្ឌិតអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានឱ្យដឹងថា សព្វថ្ងៃនេះ បើតាមការសិក្សាស្រាវជ្រាវសហគ្រិនជាស្ត្រីមានអត្រាខ្ពស់ជាងបុរស ក្នុងនោះ៦៣ភាគរយជាស្ត្រី និង៣៧ភាគរយជាបុរស ។

លោកបណ្ឌិតបន្តថា “ក្នុងវិបត្តិនៃកូវីដ១៩ គ្មានអ្នកណាអាចគេចផុតពីវិបត្តិនោះទេ ហើយសហគ្រិនមិនថាបុរស ឬស្ត្រីសុទ្ធតែជួបនឹងវិបត្តិទៅលើដំណើរការអាជីវកម្ម តែដោយសារតែគោលនយោបាយ របស់រដ្ឋាភិបាលក៏បានជួយសម្រាលបន្ទុកមួយចំនួន ដល់អាជីវកម្មនានាក្នុងប្រទេស”។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវវិធានការជាច្រើនជុំមកហើយដើម្បីសង្គ្រោះ និងជំរុញដល់អាជីវកម្ម ដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ដូចជាការអនុគ្រោះពន្ធប្រចាំខែ ការបើកប្រាក់ឧបត្ថម្ភដល់កម្មករ និយោជិក ដែលប៉ះពាល់ការងារ និងបាត់បង់ប្រាក់ចំណូលជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here