ដោយៈសុខុម
តូក្យូ: មហាសេដ្ឋីជប៉ុន លោក Hiroshi Mikitani បានប្រកាសកាលពីថ្ងៃអាទិត្យ ២៧ កុម្ភៈ ថា លោកនឹងបរិច្ចាគប្រាក់រហូត ដល់ទៅ៨,៧លានដុល្លារអាមេរិក ជួយដល់រដ្ឋាភិបាលអ៊ុយក្រែន ហើយលោកបានចាត់ទុកការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី ចូលប្រទេសអ៊ុយក្រែនថាជា “បញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យ”។
យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៧កុម្ភៈ ឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុន E-Commerce ខ្នាតយក្ស Rakuten រូបនេះបានលើកឡើង តាមរយៈលិខិតមួយច្បាប់ ផ្ញើទៅជូនប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ថា ការបរិច្ចាគទឹកប្រាក់ចំនួន៨,៧លានដុល្លារអាមេរិក នេះគឺសម្រាប់ “សកម្មភាពមនុស្សធម៌ ដើម្បីជួយប្រជាជនអ៊ុយក្រែន ដែលកំពុងរងគ្រោះដោយអំពើហិង្សាក្នុងសង្គ្រាម”។
លោក Hiroshi Mikitani ប្រាប់ថា លោកធ្លាប់បានទៅរដ្ឋធានីគៀវ នៃប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ២០១៩ ហើយមានឱកាសបានជួបជាមួយលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ទើបបានជាលោកមានអារម្មណ៍ដក់ជាប់ និងអាណិតអាសូរប្រទេសអ៊ុយក្រែន។
ការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី ចូលក្នុងប្រទេសអ៊ុយក្រែន បានធ្វើឱ្យប្រទេសប្រជាធិបតេយ្យធំៗ សម្រេចដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរទាំងលើរដ្ឋាភិបាលក្រុងមូស្គូ និងថ្នាក់ដឹកនាំកំពូលរួមទាំងប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ផងដែរ ខណៈបុគ្គល និងអង្គការនានាជុំវិញពិភពលោក កំពុងស្នើសុំការបរិច្ចាគ ដើម្បីជួយដល់អ៊ុយក្រែន។
ទន្ទឹមនេះរដ្ឋាភិបាលជប៉ុន ក៏បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលក្រុងមូស្គូផងដែរ ដោយក្នុងនោះរួមទាំងការបង្កកទ្រព្យសម្បត្តិ និងដាក់បម្រាមលើការនាំចេញសំខាន់ៗ ដូចជាបន្ទះឈីបឱ្យទៅអង្គភាព ដែលមានទំនាក់ទំនងជាមួយយោធារុស្ស៊ីផងដែរ៕ AFP៕