ដោយៈលក្ខិណា
ភ្នំពេញៈ ថ្វីត្បិតតែឆ្នាំមុននេះ ជាឆ្នាំដែលពិបាកសម្រាប់ប្រទេសកម្ពុជា ដោយសារតែមេរោគរាតត្បាតនៃកូវីដ១៩ តែការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសមួយចំនួន នៅតែមានកំណើនល្អប្រសើរ។
ជាក់ស្ដែងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសចិនបានសម្រេច រហូតដល់ជាង១១ពាន់លានដុល្លារអាមេរិក ដែលលើសផែនការដែលប្រទេសទាំងពីរបានគ្រោងនៅឆ្នាំ២០២៣ទៅទៀត។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ ក្នុងជំនួបជាមួយអភិបាលខេត្តក្វាងស៊ី ប្រទេសចិនឱ្យដឹងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏ដូចជា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរកាលពីឆ្នាំ២០១០។
កម្ពុជាក៏បានចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលសុទ្ធតែបានត្រួសត្រាយផ្លូវ សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ជាក់ស្ដែង នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចបាន ១១.១៩ ពាន់លានដុល្លារអាមេរិក ជាមួយនឹងការកើនឡើងប្រមាណ ៣៨% បើធៀបនឹងឆ្នាំ ២០២០ ។
លោកបានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ដែលចូលជាធរមាននៅដើមខែមករា ឆ្នាំ២០២២កន្លងទៅនេះ យើងរំពឹងថាទំហំពាណិជ្ជកម្មកម្ពុជា និងចិននឹងបន្តកើនឡើង ជាបន្តបន្ទាប់ទៀត ហើយកម្ពុជាក៏រំពឹងថា ផលិតផលជាច្រើនមុខបន្ថែមទៀត នឹងនាំចេញទៅប្រទេសចិនតាមរយៈកិច្ចព្រមព្រៀងនេះដែរ ។
អភិបាលខេត្តក្វាងស៊ីលោកLan Tianli បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិព័រណ៍ចិន-អាស៊ាន និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ានជាច្រើនលើកមកហើយ ដែលសកម្មភាពនេះ បានជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្វាងស៊ី។
តួយ៉ាង ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងក្វាងស៊ី ឈានដល់១,០៥ ពាន់លានយន់ កើនឡើង៦៣,៨% មានសហគ្រាស និងអង្គភាពក្វាងស៊ីសរុបចំនួន៧១ ដែលបានវិនិយោគ លើវិស័យមិនមែនហិរញ្ញវត្ថុនៅកម្ពុជា ជាមួយនឹងការវិនិយោគ តាមកិច្ចសន្យាសរុបចំនួន៨៩ពាន់លានដុល្លារអាមេរិក៕