ការសិក្សាថ្មីៈការវិនិយោគលើថាមពលស្អាតនឹងកើនទឹកប្រាក់ដល់ ១៣១ទ្រីលានដុល្លារអាមេរិក

ដោយៈសុខុម

ក្រុងឡុងដ៍ៈ ការសិក្សាថ្មីមួយបានបង្ហាញថា បណ្តាប្រទេសនានានៅលើពិភពលោ​ក នឹងចំណាយទុនរហូតដល់១៣១ទ្រីលានដុល្លារ ដើម្បីវិនិយោគលើថាមពលស្អាត ក្នុង​គោលដៅកាត់បន្ថយការបំពុលបរិស្ថាន និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវឆ្នាំ២០២១ មានឈ្មោះថា “ទស្សនវិស័យផ្លាស់ប្ដូរថាមពលពិភពលោក” (World Energy Transitions Outlook) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី១៦ មីនាកន្លងមកបានឱ្យដឹងថា ការវិនិយោគដែលបានគ្រោងទុកលើថាមពលស្អាត (Clean energy) ឬថាមពលកកើតឡើងវិញ ត្រូវតែបង្កើនឱ្យបាន ៣០% រហូតដល់ចំនួនសរុប ១៣១ ទ្រីពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៥០ ដើម្បីបញ្ចៀសបម្រែបម្រួលអាកាសធាតុដ៏មហន្តរាយ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (International Renewable Energy Agency- IRENA) បានគូសបញ្ជាក់ពីទំហំវិនិយោគនេះ និងល្បឿននៃការផ្លាស់ប្ដូរ ដែលត្រូវការជាចាំបាច់ ដើម្បីទប់ការកើនឡើង កំដៅពិភពលោក ឱ្យនៅជាមធ្យមត្រឹម ១,៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ ស្ដីពីអាកាសធាតុ។

លោក Francesco La Camera អគ្គនាយកនៃទីភ្នាក់ងារ IRENA មានមូលដ្ឋាននៅក្រុងអាប៊ូ ដាប៊ី (Abu Dhabi) ប្រទេសអារ៉ាប់រួមអេមីរ៉ាតដែលមានជាង១៦០ ប្រទេ​សជាសមាជិកនេះបានលើកឡើងថា “យើងត្រូវការការបង្កើនល្បឿន នៃការផ្លាស់ប្តូរថាម​ពល ដើម្បីនាំមកនូវការផ្លាស់ប្តូរប្រកបដោយអត្ថន័យ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈការកំណត់របស់ទីភ្នាក់ងារនេះ នូវការកើនឡើងសីតុណ្ហភាពពិភពលោកឱ្យនៅជាមធ្យមត្រឹម១,៥ អង្សាសេ ការប្រើប្រាស់ឥន្ធនៈផូស៊ីល (fossil fuel) នឹងត្រូវធ្លាក់ចុះជាង ៧៥% នៅត្រឹមឆ្នាំ២០៥០ ដោយក្នុងនោះប្រេង និងធ្យូងថ្មនឹងធ្លាក់ចុះឆាប់រហ័សជាងគេ។

ការប្រើប្រាស់ឧស្ម័នធម្មជាតិ នឹងត្រូវកើនឡើងដល់កម្រិតខ្ពស់បំផុត នៅត្រឹមឆ្នាំ២០២៥ ទោះបីជាឥន្ធនៈផូស៊ីលនៅតែលុបលើគេត្រឹមឆ្នាំ២០៥០ យ៉ាងណាក្ដី។

របាយការណ៍ដដែលនេះបានរកឃើញថា សមត្ថភាពនៃថាមពលកកើតឡើងវិញនឹងត្រូវបង្កើនជាង១០ខ្ទង់ នៅត្រឹមឆ្នាំ២០៥០ ជាមួយនឹងការកើនឡើង៣០ខ្ទង់នូវការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងមធ្យោបាយដឹកជញ្ជូនសាធារណៈ។

ទីភ្នាក់ងារនេះក៏បានព្យាករដែរថា ការផលិត និងការប្រើប្រាស់ “អ៊ីដ្រូសែនបៃតង” (green hydrogen) នឹងកើនឡើងខ្លាំង។ “អ៊ីដ្រូសែនបៃតង” ជាឥន្ធនៈមិនបញ្ចេញឧស្ម័នកាបូនដែលបង្កើតឡើង ដោយអគ្គិសនីវិភាគ (electrolysis) ដោយប្រើប្រាស់ថាមពលពីខ្យល់ និងពន្លឺព្រះអាទិត្យដែលបំបែកធាតុទឹកទៅជាអ៊ីដ្រូសែន និងអុកស៊ីសែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here