ដោយ: ម៉ាលីស
ភ្នំពេញ: នៅថ្ងៃទី២៣ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន១,៧៩៩,១៦៦ដុល្លារអាមេរិក ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។
ថវិកាត្រូវបានបែងចែកជូន អង្គភាពទទួលជំនួយឈ្មោះ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នឹងទទួលបានថវិកាចំនួន៩០០,៧៨៧ ដុល្លារអាមេរិក ដើម្បីអនុវត្តន៍ ”គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ជាមួយនឹងការបោសសំអាតគ្រាប់បែបចង្កោម នៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី២)” និងថវិកាចំនួន៨៩៨,៣៧៩ដុល្លារអាមេរិកទៀត ដើម្បីអនុវត្ត “គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ជាមួយនឹងការបោសសម្អាតមីន នៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី២)” ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងមកពីអង្គការ JMAS បានចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ហើយលោកបានថ្លែងអំណរគុណចំពោះអង្គការ ដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន។
ទោះបីជាគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជា ការកែលម្អកំពង់ផែក្រុងព្រះសីហនុ ផ្លូវជាតិលេខ៥ និងកម្ចីប្រាក់យ៉េនសម្រាប់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ១៩ ជារឿយៗត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយនានា រដ្ឋាភិបាលជប៉ុនចាត់ទុកថា ការធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលជប៉ុន និងអាជ្ញាធរមូលដ្ឋានកម្ពុជា គឺមានសារៈសំខាន់ដូចគ្នា ក្នុងការចូលរួមចំណែក កែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕