USAID ផ្តល់ថវិកា១៥លានដុល្លារអាមេរិកលើការអភិវឌ្ឍជំនាញការងារឌីជីថលដល់យុវជនកម្ពុជា

ដោយៈសុផល

ភ្នំពេញ៖ ទីភ្នាក់ងារជំនួយអាមេរិក USAID បានបង្កើតគម្រោងផ្តួចផ្តើមថ្មីមួយដែលមានមូលនិធិ ១៥លានដុល្លារអាមេរិក ក្នុងគោលបំណងផ្ដល់ឱ្យយុវជនកម្ពុជានូវជំនាញក្នុងការប្រកួតប្រជែងលើវិស័យសេដ្ឋកិច្ចឌីជីថល។

គម្រោងផ្តួចផ្តើមថ្មីនេះ ត្រូវបានដាក់ឱ្យអនុវត្តនៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកអគ្គ រដ្ឋទូតសហរដ្ឋអាមេរិកលោក W. Patrick Murphy និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។

សាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅទីក្រុងប៊ឺកលី នឹងអនុវត្តគម្រោង “អភិវឌ្ឍន៍ ជំនាញការងារឌីជីថល” រយៈពេលប្រាំឆ្នាំ រួមជាមួយនឹងស្ថាប័នដៃគូកម្ពុជាជាច្រើន។គម្រោងនេះនឹងពង្រឹងជំនាញឌីជីថលរបស់យុវជននិងអ្នកជំនាញរបស់កម្ពុជា ដើម្បីឱ្យប្រទេសនេះអាចពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលពឹងផ្អែកលើបច្ចេកវិទ្យាកាន់តែខ្លាំង និងត្រូវការជំនាញការងារឌីជីថល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងថ្មីនេះនឹងធ្វើការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដើម្បីពង្រឹងវគ្គសិក្សា និងកម្មវិធីនានាសម្រាប់ និស្សិតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។វាក៏នឹងជួយស្ថាប័នទាំងនោះឱ្យបំពេញតាមស្តង់ដារអប់រំដែលមានការទទួលស្គាល់ដូច្នេះនិយោជកអាចជ្រើសរើសនិស្សិតបញ្ចប់ការសិក្សានៅកម្ពុជាដោយមានទំនុកចិត្ត។

អាហារូបករណ៍និងឱកាសបង្កើតបណ្តាញ នឹងជាអាទិភាពមួយសម្រាប់គម្រោងថ្មីនេះ ដើម្បីឱ្យនិស្សិត យុវជនកម្ពុជាអាចកសាងជំនាញ និងស្វែងរកឱកាសការងារដែលត្រូវនឹងការអប់រំរបស់ពួកគេ។

គម្រោងនេះនឹងតភ្ជាប់វិស័យឯកជនរបស់កម្ពុជា និងសាកលវិទ្យាល័យក្នុងស្រុកជាច្រើន ដោយបង្កើតឱកាស ការងារតាមរយៈការចុះកម្មសិក្សា ក្នុងកិច្ចសហការជាមួយវិស័យឯកជន។គម្រោងនេះនឹងផ្តល់អាទិភាពខ្ពស់លើបរិយាប័ន្នដើម្បីធានាថាយុវជនមកពីគ្រប់មជ្ឈដ្ឋានអាចទទួលបានឱកាសដែលគម្រោងនេះនឹងផ្ដល់ឱ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here