បារាំងផ្តល់មូនិធិ៦០ម៉ឺនដុល្លារ ដើម្បីចូលរួមរៀបចំស៊ីហ្គេមនៅកម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ: សាធារណៈរដ្ឋបារាំងតាមរយៈស្ថានទូតរបស់ខ្លួន បានប្រកា​សពីការផ្តល់ជំនួយចំនួន៦០ម៉ឺនដុល្លារអាមេរិក ដល់កម្ពុជាដើម្បីរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣។

នៅក្នុងជំនួបសំដែការគួរសម និងពិភាក្សាការងាររវាងលោក Pellet Jacques ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោក ពើឡេត៍ ហ្សាគ បានបញ្ជាក់ថា “បារាំងមានមូលនិធិ៦០ម៉ឺនដុល្លារ ដើម្បីជួយចូលរួមរៀបចំស៉ីហ្គេមនៅកម្ពុជា”។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតបារាំង បានចូលរួមអបអរសាទរដល់កម្ពុជា ដែលបានធ្វើជាប្រធានអាស៊ាន ក្នុងអាណត្តិឆ្នាំ២០២២នេះ។ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ នាដំណាក់កាលក្នុង និងក្រោយវិបត្តិកូវីដ១៩ បារាំងមានបំណងចង់បង្កើន កិច្ចសហប្រតិបត្តិការលើវិស័យទេសច​រណ៍ក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងបារាំង-អាស៊ាន ហើយបានជ្រើសរើសកម្ពុជាជាដៃគូនាំមុខគេ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនេះ ពីព្រោះកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានោះ លោក ពើឡេត៍ ហ្សាគ បានលើកឡើងអំពីគោលបំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋបារាំង ដែលចង់បង្កើនកិច្ចសហប្រតិ​បត្តិការលើវិស័យទេសចរណ៍ជាមួយអាស៊ាន ពោលទាំងក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងក្របខណ្ឌបារាំង-អាស៊ាន ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញនាដំណាក់កាលក្នុងនិងក្រោយវិបត្តិកូវីដ១៩។

ក្នុងនាមតំណាងរដ្ឋាភិបាលបារាំង លោក ហ្សាគ ថែមទាំងបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជានាំមុខគេ ក្នុងការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ ដើម្បីធ្វើជាគំរូដល់ប្រទេសសមាជិកដទៃ ដែ​លនេះ ជាការចូលរួមដើម្បីផលប្រយោជន៍ ភាពរីកចម្រើនទាំងអស់គ្នា ពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ានផងដែរ។

រ តាមសំណើរបស់លោករដ្ឋមន្ត្រី ថោង ខុន ភាគីបារាំងសន្យាជួយគាំទ្រដល់ការរៀបចំ ព្រឹត្តិការណ៍កីឡាស៉ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ភាគីទាំងពីរចង់ឱ្យមានក្រុមការងារមួយ ចុះមកសិក្សាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនោះលោក ពើឡេត៍ ហ្សាគ បានបញ្ជាក់ថា បារាំងមានមូលនិធិ៦០ម៉ឺនដុល្លារ ដើម្បីជួយចូលរួមរៀបចំស៉ីហ្គេមនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here