សម្ដេចតេជោដាក់ចេញវិធានការ៥ចំនុចដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃអូមីក្រុង

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ដោយមើលឃើញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃអត្រាឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគប្រភេទ អូមីក្រុង ក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយនេះសម្ដេចតេជោហ៊ុន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសារាចរស្ដីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ចំនួន៥ចំនុច ។

យោងតាមសារាចររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានចេញនៅព្រលប់ថ្ងៃទី១៧កុម្ភៈ២០២២នេះរួមមាន ៖

១. គណៈអភិបាលរាជធានី ខេត្ត និងយន្តការដែលមានពាក់ព័ន្ធ ត្រូវបន្តពង្រឹងការអនុវត្តវិធានការសុវត្ថិភាពសុខាភិបាលក៏ដូចជាបង្កើនការយកចិត្តទុកដាក់ក្នុងការក្រើនរំលឹក អប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សាធារណជន ក្នុងការចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរបៀបនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃកូវីដ១៩ ជាពិសេសការបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធនាការ៣ការពារ៣កុំ និងវិធនការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ជាអាទិ៍ ការពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យជាប្រចាំ ។

២. គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងកូវីដ១៩ ដែលត្រូវតែបានចាត់ទុកជាវិធានការគន្លឹះសម្រាប់ប្រយុទ្ធនឹងមេរោគកូវីដ១៩ ប្រភទអូមីក្រុងនេះ ហើយត្រូវបន្តជំរុញឱ្យពលរដ្ឋនៅក្នុងមូលដ្ឋានមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋានទាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការវិវត្តទៅរកភាពធ្ងន់ធ្ងរនិងការស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ។ទន្ទឹមនឹងនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវរៀបចំ និងអនុវត្តន៍៍ផែនការដើម្បីចាប់ផ្ដើមចាក់វ៉ាក់សាំងដូសជំរុញដល់ក្រុមកុមារអាយុពី៥ឆ្នាំដល់ក្រោម១២ឆ្នាំ ឱ្យឆាប់ព្រមទាំងរៀបចំចាប់ផ្ដើមអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ដូសមូលដ្ឋានដល់ក្រុមកុមារអាយុពី៣ដល់ក្រោម៥ឆ្នាំឱ្យបានឆាប់ផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានី ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវបន្តធ្វើការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន និងបន្តការយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ និងគោលការណ៍ណែនាំស្ដីពីនីតិវិធីប្រតិបត្តិស្តង់ដារផ្សេងទៀតដែលនៅជាធរមាន សម្រាប់ការបើកដំណើរការឡើងវិញ នូវសកម្មភាពសង្គម សេដ្ឋកិច្ចតាមវិស័យនីមួយៗ សំដៅធានាបាននូវការទប់ស្កាត់ និងការកាត់បន្ថយការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ។

៤. យន្តការដែលមានការពាក់ព័ន្ធ ត្រូវបន្តខិតខំស្រាវជ្រាវស្វែងរក ដើម្បីទទួលបាននូវឱសថដែលមានប្រសិទ្ធភាពក្នុងការព្យាបាលកូវីដ១៩ ទាំងកម្រិតស្រាលនិងមធ្យម ទាំងកម្រិតធ្ងន់ និងត្រូវធានាថាឱសថមាននៅក្នុងស្តុកគ្រប់គ្រាន់ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ព្រមទាំងធានាឱ្យមាននូវការផ្គត់ផ្គង់និងការចែកចាយឱសថដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្រាន់និងទូលំទូលាយក្នុងតម្លៃសមរម្យដល់សាធារណជន ។

៥. លើកទឹកចិត្តដល់ប្រជាជនទូទៅ និងអ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀតជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា ឬកម្មវិធីកម្សាន្តឱ្យធ្វើការកាត់បន្ថយចំនួនអ្នកចូលរួមក្នុងកម្មវិធីនានាឱ្យនៅកម្រិតអប្បបរមា ដើម្បីធានាបាននូវការអនុវត្តវិធានគម្លាតសុវត្ថិភាពបុគ្គលនិងសង្គមស្របតាមស្ថានភាពជាក់ស្ដែងនៃទីតាំងកកម្មវិធីនីមួយៗ ។ទន្ទឹមនេះអ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមនានាក៏ដូចជាអ្នកចូលរួមកម្មវិធីទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ឧបករណ៍តេស្តរហ័សមេរោគកូវីដ១៩ និងការត្រួតពិនិត្យលើបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ មុនចូលកម្មវិធីនានា ដើម្បីជាវិធានការបង្ការនិងទប់ស្កាត់ការឆ្លងរាលាលនៃមេរោគកូវីដ១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here