ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបាននិងកំពុងរៀបចំចុះបញ្ជីរម៉ាកសញ្ញាលើផលិតផលកសិកម្ម និងផលិតផលប្រើប្រាស់ចំនួន១១មុខទៀត ទៅក្នុងផលិតផលសម្គាល់ភូមិសាស្រ្ត ដែលមានការទទួលស្គាល់ជាអន្តរជាតិ។
តាមរយៈព៌តមានពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ស្ថាប័ននេះកំពុងរៀបចំចុះបញ្ជីម៉ាកសមូហភាព “អំបុកកំពង់ធំ” “នំបញ្ចុកសៀមរាប” “ចម្លាក់ប្រាក់-ស្ពាន់ ឃុំកំពង់លួង-កោះចិនខេត្តកណ្តាល” “ស្មូនឆ្នាំងដីខេត្តកំពង់ឆ្នាំង” និង“ពងទាកូនស្រែរនោង-ខេត្តតាកែវ”។ បន្ថែមពីនេះ ក្រសួងក៏កំពុងសិក្សាស្រាវជ្រាវផលិតផលសក្តានុពល សូត្រខ្មែរ អង្ករសេរីរាង្គព្រះវិហារ ក្រូចពោធិ៍សាត់ អង្ករស្មាច់ស្វាយរៀង ធុរេនសំឡូត មៀនប៉ៃលិន អង្ករនាងអំ ដើម្បីត្រៀមរៀបចំចុះបញ្ជីម៉ាកសមូហភាពផងដែរ។
លោកសួន វិជ្ជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មបានបញ្ជាក់ឲ្យដឹងនាថ្ងៃទី១៥ កុម្ភៈនេះថា នៅចុងឆ្នាំ២០២២ខាងមុខ ក្រសួងគ្រោងនឹងចុះបញ្ជី “ដូងខ្ទិះបាត់ដំបង”ជាម៉ាកសមូហភាព ដើម្បីក្លាយជាទំនិញសំគាល់ភូមិសាស្រ្ត ខណៈដែលបច្ចុប្បន្នក្រសួងបានកំពុងសិក្សា និងចងក្រងឯកសារ។
លោកបន្តថា គោលបំណង ក្នុងការជ្រើសរើសយកដូងខ្ទិះបាត់ដំបង ដើម្បីរៀបចំចុះបញ្ជីម៉ាកសមូសហភាព គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ របស់លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ដើម្បីកសាងជាម៉ូដែលអាជីវកម្មថ្មីមួយ ក្នុងការទាញប្រយោជន៍សក្តានុពលរបស់ខេត្ត។
លោកបន្តថា លោករដ្ឋមន្រ្តីចង់ជំរុញផលិតកម្មកសិកម្ម ទៅជាកសិពាណិជ្ជកម្ម ដែលអាចផ្គត់ផ្គង់បរិមាណច្រើន ក៏ដូចជា ការកែច្នៃតំបន់ផលិតកម្មដាំដុះ ទៅជាគោលដៅទេសចរណ៍បែបកសិទេសចរណ៍ ដើម្បីបង្កើនការងារ និងចំណូលបន្ថែមដល់ប្រជាពលរដ្ឋ ស្របតាមគោលដៅយុទ្ធសា ស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕