ដោយ៖ សុផារី
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា ប្រជាជនខ្មែរប្រមាណ ១,៣ លាននាក់ បានទៅធ្វើការនៅក្រៅប្រទេស ដោយបានផ្ញើប្រាក់ទៅផ្ទះវិញប្រមាណ ២,៨ពាន់លានដុល្លារក្នុងឆ្នាំ២០២១។
នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់បេឡាជាតិរបបសន្តិសុខសង្គម នៅក្នុងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លោករដ្ឋមន្ត្រីបានបន្ថែមថា ពលករចំណាកស្រុកចំនួន ៥២៨,៧៩៩នាក់ គឺជាស្ត្រី។
លោក អ៊ិត សំហេង បានមានប្រសាសន៍ថា “ការផ្ទេរប្រាក់មិនត្រឹមតែបានធ្វើឱ្យជីវភាពរបស់សមាជិកគ្រួសាររបស់ពួកគេមានភាពប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។
លោកបន្តថា ពលករភាគច្រើនធ្វើការនៅប្រទេសថៃ ក្រៅពីនោះគឺធ្វើការនៅកូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ចិនហុងកុង និងអារ៉ាប៊ីសាអូឌីត។
លោកបានបន្ថែមថា ពលករខ្មែរប្រមាណ ១,២២លាននាក់បានទៅធ្វើការនៅប្រទេសថៃ ជាង ៤៥, ០០០នាក់នៅកូរ៉េខាងត្បូង ២៣,០២៧នាក់នៅម៉ាឡេស៊ី ១១,៤៥៣នាក់នៅជប៉ុន ៨២១នាក់នៅសិង្ហបុរី នៅចិនហុងកុង២០២នាក់ និងអារ៉ាប៊ីសាអូឌីត ៤៣នាក់៕