ដោយៈ សុផារី
ភ្នំពេញៈ ការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រ អភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូននៅកម្ពុជារំពឹងថា នឹងជួយជំរុញកំណើនផលិតផលក្នុងស្រុកសរុ បប្រចាំឆ្នាំរបស់ជាតិបានរហូតជិត៣% នៅក្នុងឆ្នាំ២០៥០។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងបរិស្ថានលោកនេត្រ ភត្រា ក្នុងឱកាសដឹកនាំសន្និសីទសារព័ត៌មានស្តីពី ការប្រកាសផ្សព្វផ្សាយ “យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបូននៅកម្ពុជា” នៅថ្ងៃទី១១ ខែកុម្ភៈនេះបានបញ្ជាក់ថា ការដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូននៅកម្ពុជា រំពឹងថានឹងជួយជំរុញកំណើនផលិតផល ក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ជាតិបានជិត ៣% និងអាចបង្កើតការងារបានប្រមាណ៤៤៩.០០០កន្លែង នៅឆ្នាំ២០៥០ខាងមុខនេះ។
លោកបន្តថា “កំណែទម្រង់វិស័យព្រៃឈើ ការកាត់បន្ថយការបញ្ចេញកាបូនក្នុងវិស័យដឹកជញ្ជូន និងការជំរុញការផលិតដំណាំកសិផល និងទំនិញបញ្ចេញកាបូនទាប នឹងនាំទៅរកការរីកចម្រើនសេដ្ឋកិច្ចបៃតង និងប្រកបដោយចីរភាពជាងមុនសម្រាប់ទាំងអស់គ្នា”។លោកបន្តថា “ប្រទេសកម្ពុជាបានចាប់ផ្ដើមឆ្នាំថ្មីជាប្រជាជាតិដំបូងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានដាក់ចេញនូវផែនការ ដើម្បីសម្រេចឱ្យបាននូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០”។
ផែនទីបង្ហាញផ្លូវដែលមានឈ្មោះផ្លូវការថា “យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន (LTS4CN)” ត្រូវបានដាក់ជូនលេខាធិការដ្ឋាន អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុ (UNFCCC) កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ កន្លងមក។
នេះជាការបំពេញនូវពាក្យសន្យា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានមានប្រសាសន៍ថា នឹងដាក់ជូននូវផែនការនេះនាដំណាច់ឆ្នាំ២០២១ និងបន្ទាប់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងសន្និសីទកំពូល នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពី ការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) នៅទីក្រុងក្លាសហ្គូវ កាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីកាត់បន្ថយនូវ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានក្នុងកម្រិត ៤០% នៅឆ្នាំ២០៣០៕