ការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិកកាន់តែខ្លាំងទាមទារឱ្យអភិវឌ្ឍន៍ទូរគមនាគមន៍ជាមុនសិន

ដោយៈលក្ខិណា

ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឬហៅថា E-Commerce នៅក្នុងប្រទេសកម្ពុជាបាន និងកំពុងតែមានសន្ទុះខ្លាំង និងរីករាលដាលកាន់តែទូលំទូលាយ។

ប្រជាពលរដ្ឋភាគច្រើនបានយកបណ្ដាញសង្គមនានា ធ្វើជាទីតាំងក្នុងការលក់ផលិតផលរបស់ខ្លួន តែយ៉ាងណាក្ដី ការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនេះ ទាមទារឱ្យមានការអភិវឌ្ឍបន្ថែម ទៅលើប្រព័ន្ធទូរគ​មនាគមន៍ដែលមានន័យថា អ៊ីនធើណេតនិងសេវាទូរសព្ទជាមុនសិន។

ជាការកត់សម្គាល់វិស័យទូរគមនាគមន៍កម្ពុជា ដែលរួមមានអ៊ីនធើណេត និងសេវាទូរសព្ទ នៅតែចោទជាបញ្ហា ដោយក្នុងបុរីតំបន់លំនៅឋានមួយចំនួន មិនអាចប្រើសេវាទូរសព្ទ ក្នុងការប្រាស្រ័យទាក់ទងគ្នាហើយប្រព័ន្ធអ៊ីនធើណេតរបស់ក្រុមហ៊ុនមួយចំនួនទៀត ក៏មានបញ្ហារអាក់រអួល ដែលជាកត្តារារាំងដល់ការអភិវឌ្ឍនូវ វិស័យE-Commer នេះដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកមិន ផាណ្ណារ៉ាក់ស្ថាបនិកនៃក្រុមហ៊ុនCode Clans បានឱ្យដឹងថា វិស័យតិចណូឡូជីនឹងជួយជំរុញ ដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកាន់តែខ្លាំង ប៉ុន្តែបើគ្មានប្រព័ន្ធអ៊ីធើណេត ដែលដើរលឿនទេ យើងក៏មិនអាចអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្មអេឡិចត្រូនិកបានលឿនដែរ។ ជាក់ស្ដែងកាលជាង១០ឆ្នាំមុន កម្ពុជាយើងមិនទាន់មានប្រព័ន្ធអ៊ីនធើណេតទូលំទូលាយនៅឡើយ ហើយការធ្វើពាណិជ្ជកម្ម ការទិញលក់ទំនិញតាមវែបសាយធំៗ និងការចូលទៅកាន់វែបសាយនានា ក៏មានភាពរអាក់រអួលយឺតខ្លាំង ។

លោកបន្តថា “មកដល់បច្ចុប្បន្ននេះ ប្រព័ន្ធអ៊ីនធើណេតយើងចាប់ផ្ដើមមានល្បឿនលឿងជាងពីមុន ហើយប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនក៏បានចាប់ផ្ដើមយល់ដឹង ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងបានធ្វើកម្ពុជាយើងកំពុងដើរលើផ្លូវឧស្សាហកម្ម៤.០ ដោយអត់ដឹងខ្លួនផងដែរ”។

ម្ចាស់ហាងជាច្រើន ក៏ចាប់ផ្ដើមជ្រើសរើសយកអនឡាញ សម្រាប់លក់ទំនិញរបស់ខ្លួន  ។អ្វីដែលពិសេសហ្វេសប៊ុក គឺទីផ្សារទូលំទូលាយសម្រាប់ដាក់លក់ទំនិញ ដោយក្នុងនោះដែរនៅពេលអតិថិជន ចង់ស្វែងរកទិញទំនិញប្រភេទណាមួយ ហ្វេសប៊ុកតែងតែបង្ហាញទំនិញនោះ មកកាន់អ្នកទិញ ដែលអ្នកប្រើប្រាស់មិនបានដឹងថាវាជាឧស្សាហកម្ម4.0 ។

វិស័យទូរគមនាគមន៍កម្ពុជា ជាវិស័យមួយដែលចាត់ទុកថា មិនរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩នឡើយ ផ្ទុយទៅវិញវិស័យនេះ មានតែទទួលបានកំណើនខ្ពស់ ពីព្រោះក្នុងវិបត្តិរយៈពេលកន្លងមក អ្នកណាៗក៏ត្រូវអ៊ីនធើណេត ត្រូវការទំនាក់ទំនងទាំងការសិក្សាតាមអនឡាញ និងធ្វើការពីចំងាយជាដើម។

យ៉ាងណាក្ដីវិស័យទូរគមនាគមន៍កម្ពុជា ជាពិសេសប្រព័ន្ធអ៊ីនធើណេត នៅតែមិនទាន់មានភាពទូលំទូលាយនៅឡើយ ជាក់ស្ដេងនៅតាមតំបន់ជនបទ ប្រព័ន្ធអ៊ីនធើណេតនៅតែមានភាពយឺតយ៉ាវ សូម្បីតែតំបន់ជាយក្រុងភ្នំពេញមួយចំនួន ក៏ប្រព័ន្ធអ៊ីនធើណេតមិនរលូននោះដែរ ដែលទាមទារឱ្យមានការអភិវឌ្ឍន៍បន្ថែម ដើម្បីជំរុញដំណើរការសេដ្ឋកិច្ចឌីជីថល របស់កម្ពុជាក៏ដូចជា អភិវឌ្ឍន៍ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here