ក្រុមហ៊ុនចិញ្ចឹមជ្រូកក្នុងស្រុកកើនឡើងជិត២០០ ស្របពេលរដ្ឋាភិបាលបិទការនាំចូលជ្រូកពីប្រទេសជិតខាង

ដោយៈម៉ាលីនណា

ភ្នំពេញៈ បច្ចុប្បន្ននេះ ក្រុមហ៊ុនឯកជនរកស៊ីចិញ្ចឹមជ្រូក មានចំនួនជិត២០០ក្រុមហ៊ុន ដែលចំនួននេះបានកើនឡើង ក្រោយពីមានការអំពាវនាវរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជំរុញឱ្យប្រជាពលរដ្ឋបង្កើនការចិញ្ចឹមក្នុងស្រុក ហើយនាំចេញទៅក្រៅប្រទេស។

លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងឲ្យដឹងកាលពីម្សិលម៉ិញនេះថា បច្ចុប្បន្ននេះ ក្រោយពីក្រសួងកសិកម្មជោគជ័យ ក្នុងការផ្គត់ផ្គង់ជ្រូកក្នុងស្រុក ក្រសួងកំពុងសិក្សាស្រាវជ្រា​វការងារបច្ចេកទេស និង លក្ខខណ្ឌនានា ដើម្បីដាក់ផែនការនាំចេញសត្វជ្រូករស់ទៅកាន់ទៅផ្សារប្រទេសចិន ហើយក្រសួងកំពុងជំរុញឱ្យក្រុមហ៊ុនក្នុងស្រុកទាំងអស់ ពង្រឹងសមត្ថភាពផលិតរបស់ខ្លួន ឱ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។

តែយ៉ាងណាក៏ដោយ ដើម្បីជំរុញដល់ដំណើរការនេះទៅលឿន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកទឹកចិត្តដល់ក្រុមហ៊ុនប្រទេសចិន ចូលមកវិនិយោគលើវិស័យនេះនៅកម្ពុជា។ សម្រាប់រដ្ឋមន្ត្រីក្រសួងកសិកម្ម មានតែក្រុមហ៊ុនចិនទេ ដែលដឹងច្បាស់ពីលក្ខខណ្ឌបច្ចេកទេស សម្រាប់នាំចេញជ្រូករស់ទៅកាន់ទីផ្សារប្រទេសចិន។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកសារទរនឹងចំណាត់ការ របស់ក្រសួងកសិកម្ម ដែលសម្រេចផ្អាកការនាំចូលសត្វជ្រូករស់ ពីប្រទេសជិតខាង ព្រោះវាបានបើកឱកាសដល់ពលរដ្ឋ និងក្រុមហ៊ុនក្នុងស្រុក។ លោកថា រយៈពេល៥ខែដែលក្រសួងផ្អាកនាំចូលជ្រូកពីក្រៅប្រទេស ការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងទីផ្សារកម្ពុជា គឺបានគ្រប់គ្រាន់អត់ខ្វះនោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាសដែលទៅបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីនៅខេត្តព្រៃវែង នៅថ្ងៃទី១៤ កក្កដា ឆ្នាំ២០២០បានលើកទឹកចិត្តឲ្យកសិករ និងក្រុមហ៊ុនក្នុងស្រុក បង្កើនការដាំដុះ ចិញ្ចឹមសត្វ និង ត្រី បង្កើនផលិតភាពក្នុងវិស័យកសិកម្ម ដើម្បីបំពេញតម្រូវការក្នុងស្រុក និងឈានដល់ការនាំចេញថែមទៀតនាពេលខាងមុខ។

ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ចេញនូវកញ្ចប់ថវិកាចំនួន៥០លានដុល្លារ (ហាសិបលានដុល្លារអាមេរិក) ដែលមានការប្រាក់ទាបតាមរយៈធនាគារកសិកម្ម និងអភិវឌ្ឍន៌ជនបទ ជួយដល់វិស័យកសិកម្មចិញ្ចឹមសត្វផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here