ដោយៈស្រីលិះ
បាងកកៈ ឧស្សាហកម្មរថយន្តថៃរំពឹងថា នឹងផលិតរថយន្តចំនួន ១.៨ លានគ្រឿងនៅឆ្នាំនេះ រួមទាំងការនាំចេញចំនួន១លានគ្រឿង ដោយសារតម្រូវការទីផ្សារបន្តប្រសើរឡើង។
យោងតាមសហព័ន្ធឧស្សាហកម្មថៃ ការផលិតរថយន្តបានកើនឡើង១៨ ភាគរយក្នុងឆ្នាំ២០២១ ធៀបនឹងឆ្នាំមុនរហូតដល់ ១,៦៨៥,៧០៦ គ្រឿង។ ការនាំចេញក៏បានកើនឡើង៣០ភាគរយ ដល់ទំហំទឹកប្រាក់៥៦១.១លានបាត (១៧.១ លានដុល្លារអាមេរិក)។
កាលពីខែធ្នូឆ្នាំមុន ឧស្សាហកម្មនេះបានឃើញការនាំចេញកើនឡើងដល់កម្រិតខ្ពស់ ក្នុងរយៈពេលប្រាំបួនខែនៃរថយន្តចំនួន១០១,៣០៧ គ្រឿង កើនឡើង២.៥ភាគរយ ធៀបនឹងខែវិច្ឆិកា និង៤៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
សហព័ន្ធឧស្សាហកម្មថៃបាននិយាយថា ការនាំចេញយានយន្តទៅកាន់ប្រទេសអូស្ត្រាលី និងអូសេអានី បានកើនឡើង១០២ភាគរយ ទៅកាន់អឺរ៉ុប៦៥ភាគរយ និងទៅកាន់អាមេរិកកណ្តាល និងខាងត្បូង១២២ភាគរយ។
វាបានព្យាករណ៍ថា ស្ថានភាពនឹងបន្តប្រសើរឡើងនៅឆ្នាំនេះ ដោយប្រទេសថៃ នឹងផលិតរថយន្តបានចំនួន១លានគ្រឿង សម្រាប់ទីផ្សារក្រៅប្រទេស និង៨០០,០០០ សម្រាប់លក់ក្នុងស្រុក។
លោក Noriaki Yamashita ប្រធានក្រុមហ៊ុន Toyota Motor Thailand ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្តី ដោយនិយាយថា វិបត្តិកូវីដ-១៩ នឹងបន្តប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ប៉ុន្តែឧស្សាហកម្មរថយន្តនឹងប្រសើរឡើងបន្តិចម្តងៗ ស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចរួម។
លោកបាននិយាយថា ការលក់ក្នុងស្រុកត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៨៦០,០០០ គ្រឿងនៅឆ្នាំនេះ កើនឡើង១៣.៣ភាគរយ ធៀបនឹងតួលេខកាលពីឆ្នាំមុន៕