អ្នកប្រើប្រាស់សេវាអ៊ិនធឺណិតនៅ កម្ពុជាកើនឡើងដល់ជាង១៧លាននាក់

ដោយ៖ សុធារី

ភ្នំពេញ៖ នៅនៅឆ្នាំ២០២១ មានអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៊ិនធឺណិតប្រមាណ១៧,៦៥លាន ខណៈការតភ្ជាប់អ៊ីនធឺណិតតាមឧបករណ៍ចល័តមានចំនួន១៧,៣៥លានលេខ ស្មើនឹង១០៥,៦០% នេះបើតាមឯកសារគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។

 ជាមួយគ្នានេះមានយុវជនជនប្រមាណ៣៧% នៃចំនួនប្រជាជនសរុប អាចចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលបានលឿន ស្របពេលអាជីកម្ម ដែលប្រើបច្ចេកវិទ្យាឌីជីថលបានកើនឡើងស្របពេលនឹងការកកើតនៃក្រុមហ៊ុនធុរកិច្ចឌីជីថល ជាបន្តបន្ទាប់។

ចំណែកក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតចល័តមានចំនួន៥ក្រុមហ៊ុន និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតអចល័តមានចំនួន៣៥ ក្នុងនោះការគ្រប់ដណ្តប់សេវាទូរសព្ទចល័ត 2G មានចំនួន៩២,៣% នៃប្រជាជនសរុប ការគ្រប់ដណ្តប់សេវាទូរសព្ទចល័ត 3G មាន៨៥,២% និងការគ្រប់ដណ្តប់សេវាទូរសព្ទចល័ត 4G មានចំនួន៨២,៥%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែយ៉ាងណា រចនាសម្ព័ន្ធទូរគមនាគមន៍នេះ មិនទាន់គ្រប់ដណ្តប់នៅទូទាំងប្រទេសនៅឡើយ ខណៈបណ្តាញទូរសព្ទចល័តជំនាន់ទី៤ (4G) កំពុងផ្តល់សេវាជូនប្រជាពលរដ្ឋប្រមាណ៨០%។

ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល សេវាសាធារណៈចំនួន ៣ ៥០៨ ត្រូវបានដាក់ឱ្យប្រើប្រាស់ ក្នុងនោះការដាក់ពាក្យសុំដោយផ្ទាល់ពីការិយាល័យច្រកចេញចូលតែមួយស្មើនឹង៧៧,៥៤% សេវាទាញយកពាក្យសុំតាមអនឡាញ តែត្រូវដាក់ពាក្យសុំដោយផ្ទាល់ស្មើនឹង១០,៦០% និងសេវាដាក់ពាក្យសុំតាមអនឡាញស្មើនឹង១១,៨៦%។ ប្រព័ន្ធព័ត៌មាន ឌីជីថលរបស់រាជរដ្ឋាភិបាលកំពុងដំណើរការមានចំនួនសរុប១៨២ ក្នុងនោះ មានសេវាសាធារណៈពីរដ្ឋាភិបាលដើម្បីប្រជាពលរដ្ឋ(G4C)ចំនួន ៣០,៨% ពីរដ្ឋាភិបាលទៅធុរកិច្ច(G2B)ចំនួន៩,៥% និងពីរដ្ឋាភិបាលទៅរដ្ឋាភិបាល(G2G)ចំនួន៥៩,៨%។

រដ្ឋាភិបាលមានយុទ្ធសាស្រ្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរសព្ទចល័ត និងអ៊ីនធឺណិតល្បឿនលឿនតាមរយៈ ការពង្រឹងគុណភាព និងការពង្រីកវិសាលភាពគ្របដណ្តប់សេវាទូរសព្ទចល័តជំនាន់ទី៤ (4G) ដើម្បីឈោងទៅចាប់យកសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) ព្រមទាំងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតល្បឿនលឿន ដល់គ្រប់ឃុំសង្កាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here