ដោយៈសុខុម
វ៉ាស៊ីនតោន: សហរដ្ឋអាមេរិក និងប្រទេសជប៉ុន បានឈានដល់កិច្ចព្រមព្រៀងមួយដែលនឹងអនុញ្ញាតឱ្យជប៉ុន នាំចេញដែកថែបទៅកាន់ទីផ្សារអាមេរិក ដោយរួចពន្ធជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃអង្គារ ទី៨ កុម្ភៈ នេះ។
ទន្ទឹមនេះ ប្រទេសទាំងពីរនឹងសហការគ្នា ប្រយុទ្ធប្រឆាំងនឹងការអនុវត្តពាណិជ្ជកម្មរបស់ប្រទេសចិន ដែលបង្កផលប៉ះពាល់ដល់ឧស្សាហកម្មនេះ។
មន្ត្រីមកពីក្រសួងពាណិជ្ជកម្ម និងការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃច័ន្ទ ទី៧ កុម្ភៈ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងផ្អាកការយកពន្ធ២៥% លើការនាំចូលដែកថែបពីប្រទេសជប៉ុន ដែលមានទំហំរហូតដល់១,២៥លានតោន ក្នុងមួយឆ្នាំៗ។
ទោះជាយ៉ាងណា បើលើសពីចំនួននេះ នឹងត្រូវយកពន្ធបន្ថែម។ ក្រុមមន្ត្រីអាមេរិក បញ្ជាក់ថា កិច្ចព្រមព្រៀងនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។
សហរដ្ឋអាមេរិក បាននាំចូលដែកថែបប្រមាណ១,៧លានតោន ពីប្រទេសជប៉ុន ក្នុងឆ្នាំ២០១៧ ជាឆ្នាំចុងក្រោយ ដែលមិនរងផលប៉ះពាល់ដោយសារពន្ធគយនេះ។ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិក បង្ហាញថា ការនាំចូលបានធ្លាក់ចុះ មកនៅត្រឹម១,១លានតោននៅឆ្នាំ២០១៩។
ដំណោះស្រាយនេះ ឆ្លុះបញ្ចាំងពីកិច្ចព្រមព្រៀង ដែលសហរដ្ឋអាមេរិក សម្រេចបានជាមួយសហភាពអឺរ៉ុប ក្នុងខែតុលា ដែលបានបញ្ចប់វិធានការដាក់ទណ្ឌកម្ម លើទំនិញរបស់គ្នាទៅវិញទៅមក ដែលមានតម្លៃរហូតដល់ទៅ១០ពាន់លានដុល្លារអាមេរិក។
ជម្លោះពាណិជ្ជកម្មគ្រឿងលោហៈនេះ បានចាប់ផ្តើមផ្ទុះឡើងក្នុងឆ្នាំ២០១៨ នៅពេលលោក ដូណាល់ ត្រាំ បានដាក់ពន្ធលើដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលពីបណ្ដាដៃគូពាណិជ្ជកម្មធំៗ បំផុតរបស់ខ្លួនរួមមានទាំងសហភាពអឺរ៉ុប និងប្រទេសជប៉ុនផងដែរ ក្រោមលេសថាវាបង្កហានិភ័យដល់សន្តិសុខជាតិ។
ខណៈសហភាពអឺរ៉ុប បានសងសឹកវិញជាបន្តបន្ទាប់ ដោយផ្តោតគោលដៅយកពន្ធផលិតផលនានា រួមមាន ម៉ូតូរបស់ក្រុមហ៊ុន Harley-Davidson Inc ខោអាវខូវប៊យរបស់ក្រុមហ៊ុន Levi Strauss & Co និងស្រាវីស្គី Bourbon ជាដើមនោះ ប្រទេសជប៉ុន មិនបានធ្វើដូច្នេះឡើយ។ ផ្ទុយមកវិញ ប្រទេសជប៉ុន បានផ្តោតលើការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីគ្របដណ្តប់ផលិតផលកសិកម្ម និងឧស្សាហកម្មមួយចំនួន។
ផ្អែកតាមទិន្នន័យរបស់ក្រសួង ពាណិជ្ជកម្មអាមេរិកបង្ហាញថា បើគិតពីបរិមាណ ដែកថែបដែលនាំចូលពីប្រទេសជប៉ុន គ្របដណ្ដប់ត្រឹមតែប្រមាណ៤%ប៉ុណ្ណោះ នៃដែកថែបទាំងអស់ដែលនាំចូល ទៅកាន់សហរដ្ឋអាមេរិក និងប្រមាណ១% នៃលោហៈទាំងអស់ដែលប្រើប្រាស់ នៅក្នុងសហរដ្ឋអាមេរិក៕ Aljazeera៕