តើទុនបម្រុងអន្តរជាតិរបស់មហាយក្សចិន ដែលធំជាងគេក្នុងពិភពលោកមានច្រើនកម្រិតណាគិតត្រឹមឆ្នាំ២០២២?

ដោយ៖ សុខុម

ប៉េកាំងៈ ទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) ពិតជាសារៈសំខាន់ណាស់នៅក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុក្នុងប្រទេសនីមួយៗ។ ហើយអ្នកទាំងអស់គ្នាដឹងទេថា តើមហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ ក្នុងពិភពលោក និងជាគូប្រជែងយ៉ាងស្វិតស្វាញរបស់សហរដ្ឋអាមេរិក មានទំហំច្រើនកម្រិតណាគិតត្រឹមឆ្នាំ២០២២?

ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃច័ន្ទថា ទុនបម្រុងអន្តរជាតិរបស់ប្រទេសចិន បានធ្លាក់ចុះខ្លាំងដោយមិននឹកស្មានដល់ក្នុងខែមករា ដើមឆ្នាំ២០២២ នេះ ខណៈរូបិយប័ណ្ណដុល្លារ បានហក់ឡើងថ្លៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ទុនបម្រុងអន្តរជាតិរបស់មហាយក្សចិន ដែលជាទុនបម្រុងអន្តរជាតិធំជាងគេលើពិភពលោក បានធ្លាក់ចុះ២៨,៥៣ពាន់លានដុល្លារអាមេរិក មកនៅត្រឹម៣,២២ទ្រីលានដុល្លារអាមេរិក កាលពីខែមករា បើធៀបនឹង៣,២៦ទ្រីលានដុល្លារអាមេរិក ដែលត្រូវបានព្យាករនៅក្នុងការស្ទង់មតិក្រុមអ្នកវិភាគដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters ហើយបើធៀបនឹង៣,២៥ទ្រីលានដុល្លារអាមេរិក ក្នុងខែធ្នូ ចុងឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រូបិយប័ណ្ណយ័ន បានធ្លាក់ថ្លៃ០,០៩សេនទល់នឹងរូបិយប័ណ្ណដុល្លារ នៅក្នុងខែមករា ខណៈរូបិយប័ណ្ណដុល្លារ បានហក់ឡើងថ្លៃ១,០៣សេនក្នុងខែមករា ទល់នឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។

ប្រទេសចិន មានទុនបម្រុងជាមាសចំនួន១.៩៥៧,៥តោនគិតត្រឹមដំណាច់ខែមករា ដោយគ្មានការផ្លាស់ប្តូរបើធៀបនឹងដំណាច់ខែធ្នូ។

តម្លៃនៃទុនបម្រុងជាមាសរបស់ប្រទេសចិន បានធ្លាក់ចុះមកនៅត្រឹម១១២,៤៦ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែមករា បើធៀបនឹង១១៣,១៣ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែធ្នូ។

តើអ្វីទៅជាទុនបម្រុងអន្តរជាតិ ហើយវាមានតួនាទីសំខាន់បែបណាខ្លះនៅក្នុងសេដ្ឋកិច្ច?

ទុនបម្រុងអន្តរជាតិនៃប្រទេសមួយសំដៅលើទ្រព្យសម្បត្តិដែលទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុសម្រាប់ប្រើក្នុងករណីចាំបាច់ដូចជា៖ ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាបានជំនឿទុកចិត្តលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។

ទុនបម្រុងអន្តរជាតិអាចមានទម្រង់ជាមាស និងរូបិយប័ណ្ណនានាដែលស្ថាប័នរូបិយវត្ថុអន្តរជាតិ (IMF) ទទួលស្គាល់ជាអន្តរជាតិដូចជារូបិយប័ណ្ណដុលា្លរអាមេរិក រូបិយប័ណ្ណអឺរ៉ូ រូបិយប័ណ្ណផោនរបស់អង់គ្លេស រូបិយប័ណ្ណយ៉េនរបស់ជប៉ុន និងរូបិយប័ណ្ណយ័នរបស់ចិន ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here