ដំណឹងល្អៈរដ្ឋាភិបាលលើកលែងពន្ធសម្រាប់សកម្មភាពអាជីវកម្មមួយចំនួន រយៈពេល៦ខែបន្ថែមទៀត

ដោយៈ សុផារី

ភ្នំពេញ៖ នាយកដ្ឋានពន្ធដារ ក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា បានប្រកាសលើកលែងពន្ធគ្រប់ប្រភេទ សម្រាប់សកម្មភាពអាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល៦ខែបន្ថែមទៀត ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនរសដ្ឋកិច្ចកម្ពុជា ដើម្បីពង្រឹងសក្តានុពលចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់ឡើងវិញ និងចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីដែលកំពុងលេចឡើងស្របនឹងនិន្នាការ សកលនិងតំបន់ ក្នុងនោះក៏មានការលើកទឹកចិត្តផ្នែកពន្ធដារក្នុងវិស័យអចលនទ្រព្យ អាកាសចរណ៍ និងវិស័យ​ទេសចរណ៍ ផងដែរ។

តាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារចុះថ្ងៃទី០១ ខែកុម្ភៈនេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ រួមមាន អាករលើតម្លៃបន្ថែម ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់បៀវត្ស ពន្ធលើអត្ថប្រយោជន៍បន្ថែម ពន្ធកាត់ទុកអាករពិសេសលើទំនិញនឹងសេវាមួយចំនួន អាករសម្រាប់បំភ្លឺសាធារណៈ និងអាករលើការស្នាក់នៅ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលើកលែងនេះ សម្រាប់ការអនុវត្តនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត។

បន្ថែមលើសនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងរយៈពេលនេះមិនតម្រូវឱ្យបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល (Prepayment of Income Tax) ទេ។

ការលើកលែងនេះ ធ្វើឡើងសម្រាប់រយៈពេល៦ខែបន្ថែមទៀត ដោយគិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here