ដោយៈ សុផារី
ភ្នំពេញៈ ដោយសារនិន្នាការសង្គមបានផ្លាស់ប្តូរ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្លាស់ប្តូរគោលនយោបាយអភិវឌ្ឍន៍ជាតិ។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មីនៅផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី៣១ មករាកន្លងមកសម្តេចតេជោបានថ្លែងថា នយោបាយអភិវឌ្ឍន៍ប្រទេសជាតិយើង គឺនៅតែផ្តោតលើអាទិភាពទាំង៤ គឺ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ប៉ុន្តែក្រោយមកយើងបានប្តូរទិស ដោយយកការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពនាំមុខវិញ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលអាទិភាពទាំង៤នេះ យើងបានដាក់ចេញតាំងពីក្រោយថ្ងៃរំដោះប្រទេសជាតិមកម្លេះ។
ជាមួយគ្នានេះ សម្តេចតេជោបានមានប្រសាសន៍ថា មានកត្តាសំខាន់ៗចំនួន៤ ដែលបង្កលក្ខណៈសម្រាប់ពលរដ្ឋ អាចធ្វើដំណើរកម្សាន្តគ្រប់ទិសទីបាន។
កត្តាសំខាន់ៗទាំង៤នោះរួមមាន ទី១ កត្តា សន្តិភាព បើគ្មានសន្តិភាពទេប្រជាពលរដ្ឋ គ្មានឱកាសដើរលេងកម្សាន្តគ្រប់ទីកកន្លែងនោះទេ។ ទី២ កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជា មានផ្លូវ មានស្ពាន ស្ទើគ្រប់ទីកន្លែង ដែលបានតភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយ ជាបន្តបន្ទាប់ បើមិនមានការតភ្ជាប់ផ្លូវ និងស្ពានទេ គឺយើងមិនអាចឱ្យពលរដ្ឋធ្វើដំណើរកម្សាន្តពីតំបន់មួយ ទៅតំបន់មួយទៀតនោះទេ។
ទី៣ កត្តាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនកើនឡើង ទាំងមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ និងឯកជន ជាពិសេសមធ្យោបាយដឹកជញ្ជូនឯកជននេះ គឺប្រជាពលរដ្ឋមានទាំងរថយន្ត មានទាំងម៉ូតូ ដែលមានការកើនឡើងជាបន្តបន្ទាប់ផងដែរ។
ទី៤ កត្តាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ មានន័យថា បើប្រជាពលរដ្ឋមិនមានប្រាក់ទេ ពួកគាត់មិនអាចធ្វើដំណើរកម្សាន្តបានឡើយ៕