ស្ថានីយ៍ប្រេងឥន្ធនៈភីធីធី ព្រែកព្នៅចាប់ផ្ដើមលក់ផលិតផលខ្មែរតាមការស្នើសុំរបស់កម្ពុជា

ដោយៈលក្ខិណា

ភ្នំពេញៈ ក្រោយពេលក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនភីធីធី របស់ថៃ បានចុះហត្ថលេខាលើការទទួលលក់ផលិតផលខ្មែរ នៅស្ថានីយ៍ប្រេងឥន្ធនៈភីធីធី ពេលនេះ ស្ថានីយ៍ប្រេងនេះ ដែលមានសាខាព្រែកព្នៅចាប់ផ្ដើមដាក់លក់ជាផ្លូវការ កាលពីថ្ងៃទី២៨មករា ២០២២។

នៅក្នុងពិធីប្រកាសដាក់លក់ជាផ្លូវការ លោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រ​សួងពាណិជ្ជកម្ម បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អក្នុងការចូលរួមរៀបចំស្ដង់បង្ហាញ និងលក់ផលិតផលខ្មែរនេះ បានយ៉ាងល្អ ប្រកបដោយភាពទាក់ទាញ។

លោកមានប្រសាសន៍ថា ការដាក់លក់នូវផលិតផលខ្មែរ នៅពេលនេះដើម្បីជួយសម្រួលដល់ចរន្ដទីផ្សារជូនកសិករ ផលិតករ និងសហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់កម្ពុជា ព្រមទាំងជួយលើកកម្ពស់ផលិតផលខ្មែរ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីប្រកួតប្រជែងជាមួយផលិ​តផលនាំចូល ជាពិសេសជួយជំរុញឱ្យវិស័យឯកជន នាំយកផលិតផ​លខ្មែរដែលមានគុណភាព សុវត្ថិភាព មានការវេចខ្ចប់ស្របតាមស្ដង់ដារ មកតាំងបង្ហាញ និងស្វែងរកដៃគូលក់ ឬចែកចាយបន្ដ។ ផលិតផលដែលដាក់តាំងលក់ទាំងនោះ រួមមាន៖ បន្លែសុវត្ថិភាព ប្រេងដូង នំ ដំណាប់ធ្វើពីបន្លែ និងផ្លែឈើ អំបុក តែ គ្រឿងឧបភោគ-បរិភោគ របស់ប្រើប្រាស់ប្រចាំថ្ងៃ ទឹកមាត់ត្រចៀកកាំ វត្ថុអនុស្សារីយ៍ ព្រមទាំងផលិតផលក្នុងស្រុកជាច្រើនមុខទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានផ្ដល់អនុសាសន៍ ណែនាំបន្ថែមដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មទាំងអស់ ឱ្យព្យាយាមខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការកែច្នៃផលិតផលខ្មែរ ដែលមានស្រាប់ ធ្វើការវេចខ្ចប់ឱ្យបានត្រឹមត្រូវ មានកាលបរិច្ឆេទកំណត់ច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការជំរុញ ការនាំចេញ ជាពិសេសគឺអាចលក់បានតម្លៃ ថ្លៃជាងផលិតផលដែលគ្មានការវេចខ្ចប់ត្រឹមត្រូវ។

លោកប៉ាន សូរស័ក្តិបានបន្តថា ការជ្រើសរើសយកទីតាំងស្ថានីយប្រេងឥន្ធនៈភីធីធី ព្រែកព្នៅ ដើម្បីតាំងបង្ហាញផ្សព្វផ្សាយ និងលក់ផលិត​ផលនៅពេលនេះ គឺពិតជាអំណោយផលល្អ ព្រោះទីតាំងនេះមានទីធ្លាធំទូលាយ ព្រមទាំងមានអ្នកធ្វើដំណើរចេញចូលច្រើន។

ដើម្បីជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) បានចុះអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កន្លទៅនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដោយកសិករ និងផលិតករនៅក្នុងស្រុកទាំងអស់ អាចដាក់លក់ផលិតផលរបស់ខ្លួននៅតាមបណ្តាស្ថានីយ ប្រេង
ឥន្ធនៈភីធីធីនៅទូទាំងរាជធានី-ខេត្ត។

កម្មវិធីនេះ ធ្វើការលក់សាកល្បងចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានរៀបចំឡើង តាម៧ទីតាំង រួមមាន៖ រាជធានីភ្នំពេញ (៣ទីតាំងគឺ ព្រែកព្នៅ ព្រៃកី និងច្បារអំពៅ), ខេត្តសៀមរាប, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម (ស្គន់), និងខេត្តតាកែវ ដោយមានការចូលរួមពីក្រុមហ៊ុន សិប្បកម្ម និងអាជីវករសរុបចំនួន ៦៤នាក់។

ក្រោយពីបញ្ចប់ គម្រោងសាកល្បងរយៈពេល៧ថ្ងៃនេះ ក្រុមហ៊ុនភីធីធី (ខេមបូឌា) នឹងអនុវត្តគម្រោងជាបន្ដទៀត នៅក្នុងឆ្នាំ២០២២ ដោយរៀបចំឱ្យមានការផ្សព្វផ្សាយ និងលក់នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី មួយចំនួន ដូចជា ក្នុងត្រីមាសទី២ ឆ្នាំ២០២២ នៅស្ថានីយចំនួន១៦ តាមបណ្តោយផ្លូវជាតិលេខ២ លេខ៣ និងលេខ៤ ក្នុងត្រីមាសទី៣ នៅស្ថានីយ៍ចំនួន១០ តាមបណ្តោយផ្លូវជាតិលេខ៦ និងក្នុងត្រីមាសទី៤ នៅស្ថានីយចំនួន៥ តាមបណ្តោយផ្លូវជាតិលេខ៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here