ដោយៈ សុធារី
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឆ្នាំ២០២១កន្លងទៅ រកបានចំណូលសរុប ចំនួនជាង១៦លានដុល្លារអាមេរិក ពីការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន និងការចុះបញ្ជីផ្លាកលេខពិសេស ថ្នាក់រាជធានី-ខេត្ត។
យោងតាមរបាយការណ៍សមិទ្ធផលសំខាន់ៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ប្រចាំឆ្នាំ២០២១ បានបញ្ជាក់ថា ការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន បានចំនួន៥,២៩១ផ្លាក រកចំណូលបាន៣៨ប៊ីលានរៀល និងការចុះបញ្ជីផ្លាកលេខពិសេស បាន២៧,៤៣៧ផ្លាក រកចំណូលបានជាង ៣០ប៊ីលានរៀល។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា “ចាប់តាំងពីបើកដំណើរការ ចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួន តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ គណៈកម្មការអន្តរក្រសួងចុះបញ្ជីបាន៩០០៧ផ្លាក និងទទួលបានចំណូលជាង ៧១ប៊ីលានរៀល”។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ដើម្បីបង្កើតជម្រើសកាន់ តែច្រើន ក្នុងការប្រើប្រាស់ផ្លាកលេខដល់ម្ចាស់រថយន្ត និងជាការកៀរគរចំណូលសម្រាប់ជាតិបន្ថែមទៀត។ ផ្លាកលេខនេះមានលក្ខណៈពិសេសខុសពីផ្លាកលេខដទៃ ពោលម្ចាស់រថយន្តអាចកំណត់តួអក្សរ និងលេខតាមដែលខ្លួនចង់បាន និងជាផ្លាកលេខមានតែមួយប៉ុណ្ណោះ។
“ផ្លាកលេខពិសេសផ្ទាល់ខ្លួន” ត្រូវបានបោះពុម្ពដោយមានអក្សរ “កម្ពុជា” នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរចាប់ពី ០១ ដល់ត្រឹម៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ ផ្លាកលេខពិសេសនេះ មានជម្រើសរហូតដល់ទៅ៣.៥ទ្រីលាន។
ផ្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀលឡើងទៅរហូតដល់ ១,០០០លានរៀល តែសម្រាប់ការដេញថ្លៃ អាចនឹងមានតម្លៃច្រើនជាងនេះ។ តម្លៃថ្លៃទាប ឬខ្ពស់ អាស្រ័យទៅតាមប្រភេទលេខ ឬតួអក្សរ ពោលបើលេខ ឬតួអក្សរ៨ខ្ទង់មានតម្លៃធូរថ្លៃ តែបើចំនួនលេខ ឬតួអក្សរកាន់តែតិច តម្លៃក៏កាន់តែថ្លៃផងដែរ។
“ផ្លាកលេខពិសេសផ្ទាល់ខ្លួន” នេះ អ្នកដែលទិញអាចរក្សាទុកពេញជីវិត ដោយគ្រាន់តែកាត់ឈ្មោះចេញ នៅពេលលក់រថយន្ត ឬគេអាចលក់ផ្លាកលេខ ពេលលក់រថយន្តក៏បាន។ ម្ចាស់ផ្លាកលេខ ក៏អាចរក្សាផ្លាកលេខនេះទុកដល់កូនចៅផងដែរ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូរព័ត៌មាន អ្នកដែលត្រូវបន្តគ្រប់គ្រងផ្លាកលេខប៉ុណ្ណោះ៕