បដិវត្តន៍ឧស្សាហកម្ម៤.0ធ្វើឲ្យវិស័យE-Commerceរីកចម្រើនខ្លាំងនៅឆ្នាំនេះ

ដោយៈស្រីលីះ

អន្តរជាតិៈ អ្នកជំនាញបាននិយាយថា ការដើរទិញឥវ៉ាន់តាមអនឡា​ញ នឹងនៅតែរីកចម្រើនខ្លាំាំងនៅឆ្នាំនេះ បើទោះបីជាជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានបញ្ចប់ក៏ដោយ។

សេដ្ឋកិច្ចឌីជីថលបានឃើញកំណើនដ៏ធំ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន ដែលជំរុញដោយការកើនឡើង នៃពាណិជ្ជកម្មអេឡិចត្រូនិក នេះបើយោងតាមរបាយការណ៍ថ្មីៗនេះ ដែលបានផ្សព្វផ្សាយដោយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Lazada ។

ទីផ្សារ e-commerce ក្នុងតំបន់បានរាយការណ៍ ពីការកើនឡើង២៤ ដងក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ដោយទំហំបានកើនឡើងពី៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ដល់១២០ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ វាត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ទំហំ ទឹកប្រាក់២៣៤ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីផ្សារវៀតណាមក៏ត្រូវបានគេរំពឹងថា នឹងកើនឡើងបួនដងដោយទំហំទឹកប្រាក់នឹងកើនដល់៣៩ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ដោយកើនពី១៣ពាន់លានដុល្លារកាលពីឆ្នាំមុន។

របាយការណ៍បានលើកឡើងថា ជំងឺរាតត្បាតបានបង្កឱ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់ នៅក្នុងអាកប្បកិរិយា និងទម្លាប់នៃការទិញទំនិញរបស់អតិថិជន របាយការណ៍បានលើកឡើងថា៥៨ ភាគរយនៃប្រជាជនវៀតណាម ដែលបានស្ទង់មតិបាននិយាយថា ពួកគេនឹងបន្តទិញទំនិញនៅលើទីផ្សារអនឡាញ ព្រោះវាមានភាពងាយស្រួល។

ទំលាប់នេះ ទំនងជាមាននិរន្តរភាពនាពេលអនាគត ខណៈដែល៥៣ ភាគរយនៃអ្នកឆ្លើយតបបានបង្ហាញថា ការទិញទំនិញតាមអ៊ីនធឺណិតបានក្លាយជាផ្នែកមួយនៃជីវិតរបស់ពួកគេ។

លោក Dang Hoang Hai នាយកទីភ្នាក់ងារសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម (iDEA) បាននិយាយថា ពាណិជ្ជកម្មអេឡិចត្រូនិក គឺជាបណ្តាញចែកចាយដ៏សំខាន់ រក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងការជំរុញការលក់ផលិតផលកសិកម្ម ជាពិសេសក្នុងអំឡុងពេលមានការកើតឡើងវិញធ្ងន់ធ្ងរនៃ កូវីដ-១៩។

ការលក់នៅលើគេហទំព័រ e-commerce បានឈានដល់១៣ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង១៦ភាគរយធៀបនឹងឆ្នាំ ២០២០ ដែ​លធ្វើឱ្យប្រទេសវៀតណាម ក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍កំពូលទាំងបី ដែលមានកំណើនខ្ពស់បំផុត ក្នុងការលក់លក់រាយតាមអ៊ីនធឺណិត។

លោក Nguyen Ngoc Dung ប្រធានសមាគម E-commerce វៀតណាម (VECOM) បាននិយាយថា មានតម្រូវការកើនឡើងសម្រាប់ e-commerce ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត។ ជាង៧០ភាគរយនៃប្រជាជនវៀតណាម មានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត។

លោកបានកត់សម្គាល់ថា ជិត៥០ភាគរយបានទៅទិញទំនិញ តាមអ៊ីនធឺណិត ហើយ៥៣ភាគរយប្រើប្រាស់កាបូបអេឡិចត្រូនិច និងទទួលយកការទូទាត់តាមឌីជីថល។

លោក James Song នាយកប្រតិបត្តិនៃ Lazada Thailand និង Vietnam បាននិយាយថា រលកនៃ កូវីដ-១៩ បាននាំមកនូវការផ្លាស់ប្តូរសំខាន់ៗ នៅក្នុងអាកប្បកិរិយារបស់អតិថិជន និងបង្កើតនិន្នាការថ្មី។

លោកបាននិយាយថា និន្នាការសំខាន់ៗចំនួន៥នៅឆ្នាំ២០២១ ទំន​ងជានឹងបន្តមានផលប៉ះពាល់យ៉ាងជ្រាលជ្រៅ លើប្រព័ន្ធអេកូពាណិជ្ជកម្មអេឡិចត្រូនិកនៅឆ្នាំនេះ រួមមាន ពាណិជ្ជកម្មសង្គម មាតិកាដែលបង្កើតដោយអ្នកប្រើប្រាស់ (UCG) បទពិសោធន៍ផ្ទាល់ខ្លួនរបស់អតិថិជន ការទូទាត់តាមឌីជីថល និងការដើរទិញឥវ៉ាន់នៅតាមហាងជាច្រើន។

Tracey Ryan O’Connor អនុប្រធានក្រុមហ៊ុន Qubit Group បាននិយាយថា ទោះបីជាអ្នកទិញទំនិញកំពុងត្រលប់ទៅហាង ជាក់ស្តែងក៏ដោយ ក៏មិនមានសញ្ញានៃការធ្លាក់ចុះ នៃការទិញទំនិញតាមអ៊ីនធឺណិតនោះទេ ការពិតនិន្នាការនេះ នៅតែបន្តកើនឡើងឥតឈប់ឈរ ទោះបីជាជំងឺរាតត្បាតឆ្លងដល់ទីបញ្ចប់ក៏ដោយ ក៏ការទិញទំនិញតាមអនឡាញនឹងបន្តរីកចម្រើនបន្ថែមទៀត ព្រោះវាបានក្លាយជាទម្លាប់របស់អ្នកប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here