អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករបានជាង ២,៧ពាន់លានដុល្លារ

ដោយៈ សុធារី

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករសរុបបានមានចំនួនប្រមាណ២៧៨១លានដុល្លារ ធៀបនឹងផែនការច្បាប់ហិរញ្ញវត្ថុសម្រា​ប់ការគ្រប់គ្រងឆ្នាំ២០២១ លើសផែនការចំនួន២៤,០២% ទោះសេដ្ឋកិច្ចកម្ពុជា មិនទាន់មានភាពប្រាកដប្រជានៅឡើយ។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ ២០២​១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ទាក់ទងនឹងលទ្ធផលប្រមូលពន្ធក្នុងខែធ្នូ ឆ្នាំ២០២១ លោកគង់ វិបុល បានមានប្រសាសន៍ថា ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន៨៩៧,៨២ ប៊ីលានរៀល (ប្រមាណជា ២២១,៦៨ លានដុល្លារ) ស្មើនឹង៩,៨៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលចំណូលប្រមូលបាននេះ បើធៀបនឹងផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលតម្រូវឱ្យ ប្រមូលចំណូលឱ្យបាន លើសផែនការចំនួន២៤,០២% ស្មើនឹងប្រមាណ៥៣៨,៨៥លានដុល្លារ ទោះស្ថិតក្នុងស្ថានភាព សេដ្ឋកិច្ចសាកល ក៏ដូចជា សេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាព ប្រាកដប្រជានៅឡើយ។

លោកគង់ វិបុលបានថ្លែងថា លទ្ធផលនេះ ជាលទ្ធផលនៃការគ្រប់គ្រ​ង ស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ ដែលឈាន ទៅការបើកប្រទេសជាតិឱ្យដំណើរការ សេដ្ឋកិច្ច-សង្គមឡើងវិញកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ហើយបាននិងកំពុងអនុវត្តការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here