ឥណ្ឌូនេស៊ី ចាប់ផ្ដើមសាងសង់រោងចក្រតម្លៃជាង២ពាន់លានដុល្លារអាមេរិក

ដោយ៖ សុខុម

ហ្សាការតា: ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានបើកការដ្ឋានសាងសង់រោងចក្រផលិតឧស្ម័នដែលបំប្លែងចេញពីធ្យូងថ្មតម្លៃ២,៣ពាន់លានដុល្លារអាមេរិក នៅថ្ងៃច័ន្ទ ទី២៤ មករា នេះក្នុងគោលបំណងកាត់បន្ថយការនាំចូលឧស្ម័ន LPG (ហ្គាស) របស់ប្រទេសនេះ ខណៈពេលបង្កើនប្រសិទ្ធភាពធនធានធ្យូងថ្មរបស់ខ្លួន។

រោងចក្រនេះត្រូវបានឌីហ្សាញឡើង ដើម្បីប្រើប្រាស់ធ្យូងថ្មគុណភាពទាបចំនួន៦លានតោនសម្រាប់ការផលិតឧស្ម័ន Dimethyl Ether (DME) ឱ្យបាន១,៤លានតោនក្នុងមួយឆ្នាំដែលអាចកាត់បន្ថយការនាំចូលឧស្ម័នហ្គាស LPG របស់ឥណ្ឌូនេស៊ី បាន១លានតោនក្នុងមួយឆ្នាំៗ។ នេះបើយោងតាមក្រុមហ៊ុនជីករ៉ែធ្យូងថ្មរបស់រដ្ឋ Bukit Asam ដែលកំពុងសាងសង់រោងចក្រនេះដោយចាប់ដៃគូសហការជាមួយក្រុមហ៊ុនអាមេរិក Air Products and Chemicals, Inc។

ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ក្នុងឆ្នាំ២០២១ ប្រទេសឥណ្ឌូនេស៊ី បានប្រើប្រាស់ឧស្ម័នហ្គាស LPG ចំនួន៧,៩៥លានតោន ដោយក្នុងនោះចំនួន៦,៤លានតោនត្រូវបាននាំចូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ចូកូ វីដូដូ បានលើកឡើងថា “យើងអាចកាត់បន្ថយការឧបត្ថម្ភធនពីថវិការដ្ឋប្រមាណ៤៨៩លានដុល្លារអាមេរិក ខណៈធ្វើឱ្យប្រសើរឡើងនូវតុល្យភាពពាណិជ្ជកម្ម និងឱនភាពគណនីចរន្តរបស់យើង”។

ប្រទេសឥណ្ឌូនេស៊ី បានលៃទុកថវិកាជាតិចំនួន៤,៦២ពាន់លានដុល្លារអាមេរិក ដើម្បីផ្ដល់ឧបត្ថម្ភធនលើការប្រើប្រាស់ឧស្ម័នហ្គាស LPG ក្នុងស្រុកមួយចំនួន។

តាមការរំពឹងទុក ការនាំចូលឧស្ម័នហ្គាស LPG របស់ឥណ្ឌូនេស៊ី នឹងធ្លាក់ចុះចំនួន៦ដងក្នុងឆ្នាំ២០២៥ ពីកម្រតិតបច្ចុប្បន្ន ពីព្រោះប្រទេសនេះកំពុងតែស្វះស្វែងបង្កើនការផលិតឧស្ម័នដែលបំប្លែងចេញពីធ្យូងថ្មដែលជាគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាល។ ហើយដើម្បីបង្កើនការផលិតឧស្ម័នដែលបំប្លែងចេញពីធ្យូងថ្ម រដ្ឋាភិបាលបានផ្ដល់គ្រឿងលើកទឹកចិត្តផ្សេងៗដូចជាការបន្ធូរបន្ថយពន្ធជាដើម។

ការសាងសង់រោងចក្រនេះគ្រោងនឹងចំណាយពេល៣០ខែទើបបញ្ចប់ជាស្ថាពរ ហើយតាមការរំពឹងទុក ក្រុមហ៊ុនថាមពលរដ្ឋ Pertamina នឹងប្រើប្រាស់ឧស្ម័នហ្គាសដែលផលិតចេញពីរោងចក្រនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here