សហជីពស្នើសុំឱ្យរដ្ឋាភិបាលបន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ រដ្ឋាភិបាលបានសម្រេចបញ្ចប់ការផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត ក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩។ ការបញ្ចប់នេះដែរត្រូវបានសហជីពថានឹងបន្តប៉ះពាល់ដល់ជីវភាពរបស់កម្មករនិយោជិត ដែលមិនទាន់មានការងារធ្វើ ពីព្រោះរោងចក្រសហគ្រាសមិនទាន់បើកដំណើរការឡើងវិញទាំងអស់នោះទេ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានឱ្យដឹងថា មកដល់ម៉ោងនេះលោកបានមើលឃើញថា មានរោងចក្រសហគ្រាសមួយចំនួនទៀតនៅតែបន្តការព្យួរការងារដល់កម្មករនិយោជិតដដែល។ ដូច្នេះការបញ្ចប់នូវការផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ នឹងអាចប៉ះពាល់ជីវភាពរបស់កម្មករមួយចំនួនដែលមិនទាន់មានការងារធ្វើ មិនទាន់មានប្រាក់ចំណូលសម្រាប់ចាត់ចែងការចំណាយ ដូច្នេះដើម្បីរក្សាកម្រិតអត្រាភាពក្រីក្រមិនឱ្យធ្លាក់ចុះជាងនេះទៀត រដ្ឋាភិបាលគួរតែបន្តផ្ដល់បន្ថែមទៀតរហូតដល់ពួកគាត់មានការងារធ្វើបានច្រើន។

លោកបន្តថា ខណៈរោងចក្រមួយចំនួននៅតែបន្តព្យួរការងារដដែល ហើយក្រសួងបានសម្រេចបញ្ចប់ការផ្ដល់សាច់ប្រាក់ឧបត្ថម្ភ នឹងធ្វើឱ្យកម្មកររឹតតែជួបប្រទះនឹងបញ្ហាជីវភាពរបស់ពួកគាត់ក្នុងពេលដែលគាត់រងផលប៉ះពាល់ពីវិបត្តិកូវីដ១៩នេះ២ឆ្នាំមកហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថា ”ថៅកែរោងចក្រមួយចំនួនដែលប៉ះពាល់ នៅតែបន្តព្យួរការងារកម្មករដដែល ហើយពួកគាត់ក៏អត់មានប្រាក់សម្រាប់បើកឱ្យកម្មករទើបបន្តព្យួរ ដូច្នេះ កម្មករគាត់ពឹងទៅលើ រដ្ឋាភិបាលក្នុងការជួយពួកគាត់ បើរដ្ឋាភិបាលលែងផ្ដល់ប្រាក់ឧបត្ថម្ភពួកគាត់នឹងប៉ះពាល់ខ្លាំង”។

យ៉ាងណាក្ដីបើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបញ្ជាក់ថា ក្នុងវិបត្តិកូវីដ១៩ ជាពិសេសក្នុងឆ្នាំ២០២១នេះ ការនាំចេញផលិតផលកាត់ដេរទៅកាន់ទីផ្សារអន្តរជាតិនៅតែមានតួលេខល្អប្រសើរ ដែលសបញ្ជាក់ពីតម្រូវការលើទីផ្សារអន្តរជាតិនិងតម្រូវការវត្ថុធាតុដើម ដើម្បីបំពេញខ្សែច្រវ៉ាក់ផលិតកម្មក៏នៅតែមានខ្ពស់ ទើបធ្វើឱ្យទំហំពាណិជ្ជកម្មកម្ពុជាមាននៅតែរក្សាបានភាពរឹងមាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here