កម្ពុជា​នាំចេញផលិតផលវាយនភណ្ឌនិងសម្ភារធ្វើដំណើរមានទឹកប្រាក់ជិត១០ពាន់លានដុល្លារ

ដោយ: លក្ខិណា

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២១កន្លងទៅនេះ ការនាំចេញរបស់កម្ពុជានៅតែមានភាពរឹងមាំ ជាក់ស្ដែងការនាំចេញផលិតផលសម្លៀកបំពាក់ស្បែកជើងនិងសម្ភារៈធ្វើដំណើរមានទឹកប្រាក់រហូតដល់ជិត៩ពាន់លានដុល្លារអាមេរិក។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ការនាំចេញសម្លៀកបំពាក់ត្រឹមរយៈពេល១០ខែនៃឆ្នាំ២០២១កន្លងទៅនេះ មានទឹកប្រាក់៦,៥៣ពាន់លានដុល្លារអាមេរិកកើនឡើង៦ភាគរយធៀបនឹងឆ្នាំ២០២០។ ការនាំចេញស្បែកជើង មានទំហំ​ទឹកប្រាក់១,១១ពាន់លានដុល្លារ កើនឡើង២០ភាគរយ និងការនាំចេញផលិតផលធ្វើដំណើរមានទឹកប្រាក់រហូតដល់១,១៧ពាន់លានដុល្លារអាមេរិក ដែល​បានកើនឡើងដល់៤៩ភាគរយ។

បើតាមរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈថាការនាំចេញក្នុងឆ្នាំ២០២១ទាំងមូលសម្រេចបានជិត១០ពាន់លានដុល្លារអាមេរិកឯណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសន្និបាតលើកទី១៥ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) រៀបចំធ្វើនៅសមាគម ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ លោកបណ្ឌិត អ៊ិត​ សំហេង បានលើកឡើងថា តាំងពីឆ្នាំ១៩៩៦ សមាគមមួយនេះ បានដំណើរការ ២៥ឆ្នាំកន្លងមកហើយ បានដើរតួនាទីជាតំណាងសម្លេងរួមតែមួយរបស់វិនិយោគិនក្នុងវិស័យកាត់ដេរ ការពារ និងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ក្នុងវិស័យនេះ និងបានបង្កើតនូវវេទិកាសម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានា ជាមួយគ្រប់ភាគីពាក់ព័ន្ធលើបញ្ហាជាច្រើនដែលមានផលប៉ះពាល់ជាសក្តានុពលដល់បរិយាកាសវិនិយោគទូទៅ សំដៅបង្កើតនូវស្ថានភាពមួយដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបន្តថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានរោងចក្រ សហគ្រាស និងកម្មករនិយោជិតតិចតួច នៅពេលកម្ពុជាបានចាប់ផ្តើមបើកសេដ្ឋកិច្ចរបស់ខ្លួន និងទទួលវិនិយោគចាប់ពីឆ្នាំ១៩៩៣ និងបានបន្តកើនឡើងជាបន្តបន្ទាប់រហូតមក ជាពិសេសចាប់ពីឆ្នាំដែលកម្ពុជាទទួលបានសន្តិភាពពេញលេញដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយបន្ទាប់មកគឺនៅក្រោយឆ្នាំ១៩៩៩ ពេលដែលរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដោយផ្សាភ្ជាប់ពាណិជ្ជកម្មជាមួយបទដ្ឋានការងារអន្តរជាតិ។ គិតត្រឹមចុងឆ្នាំ២០២១ នេះរោងចក្រ សហគ្រាសដែលបានចុះបញ្ជីផ្លូវការក្នុងវិស័យនេះបានកើនដល់ប្រមាណជាង ១២០០ រោងចក្រ ដែលផ្តល់ការងារក្នុងប្រព័ន្ធ ដល់កម្មករនិយោជិតប្រមាណជិត១លាននាក់។

លោកបន្តថានៅក្នុងឆ្នាំ ២០២១ ទឹកប្រាក់នាំចេញសរុបនៃវិស័យនេះមានប្រមាណជិត ១០ ពាន់លានដុល្លារ ឬប្រមាណ៦៣ភាគរយ នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា។ ដោយឡែកជីវភាពកម្មករនិយោជិត ក៏បានប្រសើរឡើងជាលំដាប់ដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈការតម្លើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់។ បើគិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតបានចំនួន ១៨លើក ដោយកើនពី ៤០ដុល្លារអាម៉េរិកសម្រាប់ឆ្នាំ១៩៩៧ ដល់ ១៩៤ដុល្លារអាម៉េរិកសម្រាប់ឆ្នាំ២០២២។ សម្រាប់ឆ្នាំ២០២២នេះ ដោយបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗ អាចទទួលបានប្រាក់ឈ្នួលចាប់ពី ២១១ដុល្លារ ទៅ ២២២ដុល្លារ ក្នុងមួយខែ។ ក្រៅពីកម្មករនិយោជិតប្រមាណជិត ១លាននាក់ ទទួលផលផ្ទាល់ មានប្រជាពលរដ្ឋប្រមាណជាង ២លាននាក់ដែលទទួលផលដោយប្រយោលពីវិស័យនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here