អង្គការសហប្រជាជាតិៈកំណើនសេដ្ឋកិច្ចពិភពលោកនឹងបង្អង់ល្បឿនក្នុងឆ្នាំ២០២២-២០២៣

ដោយៈសុខុម

អន្តរជាតិ: សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា នឹងទទួលបានកំណើនក្នុងរង្វង់៤ភាគរយ នៅក្នុងឆ្នាំ២០២២ នេះបើធៀបនឹងកំណើន៥,៥%ក្នុងឆ្នាំ២០២១ ហើយបើធៀបនឹងកំណើន៣,៥%ក្នុងឆ្នាំ២០២៣។ នេះបើយោតាមរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មករា។

សារព័ត៌មាន CNA បានចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៤ មករា ថា ការព្យាករនេះ ធ្វើឡើងស្របពេលពិភពលោក កំពុងប្រឈមមុខនឹងការរីករាលដាលវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី បញ្ហាប្រឈមនានាក្នុងទីផ្សារការងារ ឧប​ស​គ្គខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងនូវអតិផរណា។

របាយការណ៍ដែលមានឈ្មោះថា “ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២” របស់អង្គការសហប្រជាជាតិបានបង្ហាញថា សន្ទុះកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២១ បានចាប់ផ្ដើមបង្អង់ល្បឿននៅត្រឹមដំណាច់ឆ្នាំកន្លងទៅថ្មីៗនេះ ដោយរួមទាំងនៅក្នុងបណ្ដាសេដ្ឋកិច្ចធំៗ ដូចជាប្រទេសចិន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ នៅពេលឥទ្ធិពលនៃការបញ្ចេញកញ្ចប់ថវិកា ស្ដារសេដ្ឋកិច្ចចាប់ផ្ដើមសាបរលាប ហើយការអាក់ខានយ៉ាងខ្លាំង នៅខ្សែសង្វាក់ផ្គត់ផ្គង់ចាប់ផ្ដើម លេចចេញមកជាបណ្ដើរៗ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិឱ្យដឹងថា ទន្ទឹមនឹងការរីករាលដាលវីរុសកូវីដ-១៩ កំពុងតែបន្ត “សម្ពាធអតិផរណាដែលកំពុងកើនឡើង នៅក្នុងបណ្ដាសេដ្ឋកិច្ចអភិវឌ្ឍន៍ធំៗ និងប្រទេសកំពុងអភិវឌ្ឍន៍ធំៗមួយចំនួនធំ បានបង្កហានិភ័យបន្ថែមទៀត ដល់ការងើបឡើងនៃសេដ្ឋកិច្ច”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលនេះបានបញ្ជាក់ថា “អតិផរណាក្នុងពិភពលោកបានកើនឡើង ដល់ប្រមាណ៥,២%ក្នុងឆ្នាំ២០២១ ដោយខ្ពស់ជាង២%បើធៀបនឹងអត្រាក្នុងរយៈពេល១០ឆ្នាំមកនេះ”។

របាយការណ៍នេះក៏បានព្រមានដែរថា ផលវិបាករយៈពេលកាន់តែវែងដែលកើតចេញពីការរីករាលដាលវីរុសកូវីដ-១៩ នឹងធ្វើឱ្យកម្រិតវិសមភាពទាំងនៅក្នុង និងរវាងប្រទេសមានកាន់តែខ្ពស់៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here