ការងារបំពាក់ប្រព័ន្ធផ្លាស់ប្តូររទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែព្រះសីហនុសម្រេចបានជាង៩០ភាគរយហើយ

ដោយ: ម៉ាលីស

ព្រះសីហនុ: លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណ ការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅកំពង់ផែ នឹងអាចដាក់ដំណើការបាននៅ ក្នុងអំឡុងខែសីហា ឆ្នាំ ២០២២នេះ។


ខណៈបច្ចុប្បន្ន ក្រុមហ៊ុនទទួលបន្ទុករៀបចំ កំពុងពន្លឿនការងារបំពាក់បច្ចេកទេស លើប្រព័ន្ធស្វ័យ ប្រវត្តិកម្មដែលនៅសេសសល់ឱ្យបានរួចរាល់ តាមផែនការដែលបានគ្រោងទុក។

លោកបញ្ជាក់ថា មកដល់បច្ចុប្បន្ន ការងារបំពាក់ប្រព័ន្ធផ្លាស់ប្តូរទិន្ន​ន័យតាមអេឡិច ត្រូនិកនៅកំពង់ផែនេះ សម្រេចវឌ្ឍនភាពបានប្រមាណជាង៩០ភាគរយហើយ ដោយគ្រោងបញ្ចប់តាមផែនការ ដើម្បីសុំគោល ការណ៍ដាក់ដំណើរការ។

គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក នៅកំពង់ផែនេះ ស្ថិតក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ JICA ក្នុងទឹកប្រាក់សរុបប្រមាណ ១២លាន២សែនដុល្លារអាមេរិក ក្នុងគោលបំណងកែលម្អហេដ្ឋារចនា សម្ព័ន្ធ និងបរិក្ខារកំពង់ផែឱ្យកាន់តែល្អប្រសើរ ខណៈបរិមាណនៃការនាំចូល និងការនាំចេញបានកើនឡើងជារៀងរាល់ឆ្នាំ នៅតាមកំពង់ផែធំៗចំនួន២គឺ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយត្រូវបានដំណើរការធ្វើបែបបទនាវាចូល-ចេញតាមនីតិវិធីរដ្ឋបាលដោយដៃ ដែលងាយជួបប្រទះបញ្ហាប្រឈមផ្សេងៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រព័ន្ធនេះ នឹងជួយសម្រួលដល់នីតិវិធីចេញ- ចូលកំពង់ផែកម្ពុជាសម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិធំៗ និងគ្រប់គ្រងសេវាដឹកជញ្ជូនតា​មផ្លូវទឹកប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ ជាពិសេសជួយបង្កើនការទាក់ទាញ ការវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារធ្វើជូនពលរដ្ឋកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here