ក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិ Radisson គ្រោងបង្កើនចំនួនសណ្ឋាគាររហូតដល់១០០ទីតាំងនៅអារ៉ាប៊ីសាអូឌីត

ដោយៈសុខុម

ក្រុងរីយ៉ាដៈ ក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិ Radisson Hotel Group មានសុទិដ្ឋិនិយមយ៉ាងខ្លាំង ចំពោះកំណើនក្នុងទីផ្សារទេសចរណ៍នៅប្រទេសអារ៉ាប៊ីសាអូឌីត។

ពេលនេះក្រុមហ៊ុនអាមេរិក មួយនេះកំពុងពិចារណាបង្កើនចំនួនសណ្ឋាគារដែលខ្លួន ដំណើរការនៅក្នុងព្រះរាជាណាចក្រមួយនេះ រហូតដល់ទៅ៤ខ្ទង់ ខណៈក្រុមហ៊ុននេះ មានគម្រោងរើការិយាល័យកណ្តាលថ្នាក់តំបន់របស់ខ្លួន មកកាន់ទីក្រុងរីយ៉ាដ នៅឆ្នាំនេះ។

បច្ចុប្បន្នក្រុមហ៊ុននេះ បានដំណើរការសណ្ឋាគារ រមណីយដ្ឋាន និងអាផាតម៉ិនសរុបចំនួន២៤ទីតាំងរួចហើយ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងមានចំនួន២០ទីតាំងទៀត ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ។ ប៉ុន្តែដោយមើលឃើញទីផ្សារទេសចរណ៍អារ៉ាប៊ីសាអូឌីត កំពុងទទួលបានកំណើនដ៏រឹងមាំ ក្រុមហ៊ុននេះបានប្ដេជ្ញាបង្កើនចំនួនពី២៤ ទីតាំងរហូតដល់ទៅជាង៨០នៅរយៈពេល៥ឆ្នាំខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន Arab News នៅទីក្រុងរីយ៉ាដ លោក Federico J. González នាយកប្រតិបត្តិក្រុមហ៊ុន Radisson បានលើកឡើងថា ក្រុមហ៊ុនចាំបាច់ត្រូវពិនិត្យផ្ទៀងផ្ទាត់ផែនការរបស់ខ្លួនជាថ្មីឡើងវិញ ហើយអាចនឹងពិចារណាបង្កើនចំនួននោះ ឱ្យឈានដល់១០០ទីតាំង។

នៅពេលសាកសួរ អំពីការរីកចម្រើនរបស់ក្រុមហ៊ុន Radisson នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បើធៀបនឹងទីផ្សារអន្តរជាតិផ្សេងៗទៀត លោក Federico J. González បានឆ្លើយថា ប្រទេសនេះជាទីផ្សាររីកចម្រើនលឿនបំផុតទី២ បន្ទាប់ពីប្រទេសចិន ដែលខ្លួនបានបង្កើនចំនួនសណ្ឋាគារយ៉ាងច្រើននៅទីនោះ។

ក្រុមហ៊ុន Radisson មានគម្រោងសាងសង់សណ្ឋាគារថ្មីៗ ដើម្បីជួយគាំទ្រ គោលដៅរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលប៉ងទទួលភ្ញៀវទេសចរ ឱ្យឈានរហូតដល់១០០លាននាក់នៅត្រឹមឆ្នាំ២០៣០។ពេលនេះសណ្ឋាគាររបស់ក្រុមហ៊ុននេះ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត គ្របដណ្ដប់រហូតដល់ទៅប្រមាណ៥០% នៃវត្តមានរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា។

ប្រទេសនេះមានគម្រោងអភិវឌ្ឍសណ្ឋាគារ ឱ្យបានចំនួន៨៥៤,០០០បន្ទប់បន្ថែមទៀត ដោយ៧០%ទទួលបានហិរញ្ញប្បទាន ពីស័យឯកជន។ បន្ទាប់ពីបើកទ្វារចំហស្វាគមន៍ទេសចរណ៍ អន្តរជាតិក្នុងឆ្នាំ២០១៩ ប្រទេសអារ៉ាប៊ីសាអូឌីត បានចេញទិដ្ឋាការអឡិចត្រូនិក ឬeVisa បានជាង៤០០.០០០ច្បាប់ ដោយក្លាយជាគោលដៅទេសចរណ៍ ដែលមានកំណើនលឿនបំផុតក្នុងពិភពលោក នៅមុនពេលផ្ទុះការរីករាលដាលវីរុសកូវីដ-១៩៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here