កម្ពុជាផ្សព្វផ្សាយពីច្បាប់វិនិយោគថ្មីរបស់ខ្លួនដល់វិនិយោគិនអឺរ៉ុប

ដោយៈ លក្ខិណា

ភ្នំពេញៈ ដើម្បីសម្របសម្រួល ដល់ការវិនិយោគរបស់អឺរ៉ុប ក៏ដូចជា វិនិយោគិនដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំនូវសិក្ខាសាលាមួ យដើម្បីផ្សព្វផ្សាយពីច្បាប់វិនិយោគថ្មីរបស់ខ្លួនដល់វិនិយោគិនទាំងនោះ។

នៅក្នុងសិក្ខាសាលានៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកសុខ ចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ពីភាពចាំបាច់របស់កម្ពុជា ក្នុងការកែលម្អបរិស្ថានវិនិយោគ សំដៅជំរុញទាក់ទាញការវិនិយោគនៅក្នុងគន្លងប្រក្រតីភាព នៃវិបត្តិកូវីដ១៩ ដែលទាមទារឱ្យកម្ពុជាប្រកាន់យក នូវអភិក្រមបុរេសកម្មជាងមុន ប្រកបដោយគុណភាពនិងចីរភាព។

លោកបន្តថា ក្នុងន័យនេះ កម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ចីរភាព និងឧត្តមភាពនៃបដិវត្តឧស្សាហកម្ម ៤.០ និងឌីជីថលូបនីយកម្ម នៅក្នុងច្បាប់វិនិយោគថ្មី ដោយបានដាក់បញ្ចូលក្រ​បខ័ណ្ឌនៃការលើកទឹកចិត្តឆ្លាតវៃ ដើម្បីទាក់ទាញការវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។

លោកសុខ ចិន្តាសោភាបានបន្តថា ដើម្បីជួយសម្រួលដល់ការតភ្ជាប់ប្រតិបត្តិការរវាងវិនិយោគិនបរទេស ជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក និងលើកកម្ពស់ ការវិនិយោគប្រកបដោយចីរភាព នៅក្នុងឆ្នាំ២០២១កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក បានដាក់ឱ្យដំណើរការ នូវប្រព័ន្ធទិន្នន័យសន្ធានកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ សម្រាប់អភិវឌ្ឍន៍ដោយចីរភាពតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានសំណូមពរឱ្យវិនិយោគិនអឺរ៉ុប ដែលស្វែងរកឱកាសវិនិយោ​គនៅក្នុងតំបន់ គួរជ្រើសរើសយកប្រទេសកម្ពុជា ជាមូលដ្ឋានក្នុងការវិនិយោគ ហើយកម្ពុជាក៏មានសក្ដានុពលទីផ្សារខ្ពស់ នៅក្នុងពិភពលោក ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពីរ បានចូលជាធរមានកាលពីដើមខែមករា ឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here