រោងចក្រកែច្នៃដុំរ៉ូឡូដែកសដំបូងគេនៅកម្ពុជាបានដាក់ឱ្យដំណើរការនៅស្រុកកណ្តាលស្ទឹង

ដោយៈសុធារី

កណ្តាលៈ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ អាយ អេស អាយ គ្រុប បានសម្ពោធបើកដំណើរការជាផ្លូវការនូវរោងចក្រកែច្នៃដុំរ៉ូឡូ ដែកស ដែលជារោងចក្រកែច្នៃដុំរ៉ូឡូដែក-ស ដំបូងគេនៅកម្ពុជា និងមានសមត្ថភាពផលិតដល់ទៅ២១ម៉ឺនតោនក្នុងមួយឆ្នាំ។

ពិធីបើកសម្ពោធនេះ បានធ្វើឡើងនៅទីតាំងរោងចក្រកែច្នៃ ដុំរ៉ូឡូដែកស ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោយមានការសិក្សាយ៉ាងយកចិត្តទុកដាក់ អស់រយៈពេលជាង២ឆ្នាំ ទៅលើគម្រោង និងការសាងសង់ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ និងធ្វើឡើងស្របពេលដែរក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈានចូលគម្រប់ខួប២៥ឆ្នាំផងដែរ។

លោកកាំង ឡេង អគ្គនាយកក្រុមហ៊ុន អាយ អេស អាយ គ្រុប បានលើកឡើងពីមូលហេតុ នៃការបង្កើតរោងចក្រកែច្នៃដុំរ៉ូឡូដែកសនេះថា ក្នុងទស្សវត្សចុងក្រោយនេះ ក្រុមហ៊ុនអេស អាយ ស្ទៀល បានផ្តោតលើការខិត​ខំប្រឹងប្រែង លើការធ្វើឱ្យកាន់តែប្រសើរឡើងនូវបច្ចេកវិទ្យា និងដំណើរការផលិតកម្ម ហើយក៏បាននឹងកំពុងបន្តពង្រីកអាជីវកម្ម លើឧស្សាហកម្មដែកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ទៀតថា ដើម្បីឱ្យអាយ អេស អាយ ស្ទៀល នៅរក្សារដំណែងជាក្រុមហ៊ុន ឈានមុខគេលើវិស័យមួយនេះ ក្រុមហ៊ុនត្រូវចាប់យកផ្នែក ខាងលើនៃខ្សែសង្វាក់តម្លៃ ឧស្សាហកម្មកែច្នៃដែកមួយនេះ ហើយស្របពេលដែលកម្ពុជា កំពុងតែមានការវិវឌ្ឍទៅមុខយ៉ាងលឿន លើវិស័យ​សំណង់ ជាពិសេសសំណង់ដែក ដែលធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ដែកមានការកើនឡើងជាខ្លាំង។

ដូចនេះរោងចក្រថ្មីមួយនេះ នឹងជួយផ្គត់ផ្គង់ដុំរ៉ូឡូដែកស វត្ថុធាតុដើមគុណភាណខ្ពស់ដល់ក្រុមហ៊ុន និងសិប្បកម្មផលិតដែក ទីបនៅក្នុងប្រទេសកម្ពុជា សមស្របទៅនឹងតាមគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្ម (IDP) របស់ប្រទេសកម្ពុជាផងដែរ។

ដុំរ៉ូឡូដែកស ISI ជាផលិតផលរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលក្រុមហ៊ុនបានក៏កើតឡើងតាំងពីឆ្នាំ១៩៩៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here