កម្ពុជានឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីជាមួយចិនដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣

ដោយៈសុធារី

ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើផែនការការងារ ដើម្បីបន្តអនុវត្តការងារ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ កាលពីខែកញ្ញាឆ្នាំ២០២១កន្លងទៅ ជាមួយភាគីចិន រួមចំណែកសម្រេចឱ្យបាននូវទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ជាមួយចិនដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣។

នេះបើតាមការលើកឡើង របស់សម្ដេចក្រឡាហោម ស ខេង ក្នុងពិធីអបអរសាទរ ការចូលកាន់តំណែងសមាជិកអាណត្តិទី២ នៃសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា និងការសម្ពោធជាផ្លូវការសមាគមមូលនិធិសប្បុ​រសធម៌ជាំងស៊ូ កាលពីថ្ងៃទីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តខិតខំប្ដេជ្ញាចិត្តខ្ពស់ ក្នុងការថែរក្សាបរិយាកាសនយោបាយ សន្តិសុខ និងស្ថេរភាពជាតិឱ្យបានរឹងមាំ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជា សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នយោបាយ និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ការវិនិយោគរបស់ចិននៅកម្ពុជា បន្តឈរនៅលំដាប់ទី១ ហើយទំហំពាណជ្ជកម្មទ្វេភាគី សម្រេចបាន៥ពាន់លានដុល្លារ កើនឡើង៣១ភាគរយបើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ ខេត្តជាំងស៊ូគឺជាខេត្តមួយរបស់ចិន ដែលមានទំនាក់ទំនងល្អ ជាមួយខេត្តព្រះសីហនុរបស់កម្ពុជា ហើយកម្ពុជាក៏បាន និងកំពុងខិតខំប្រែក្លាយ ខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត ពីខេត្តជាំងស៊ូ និងពីតំបន់ផ្សេងៗទៀតនៅប្រទេសចិន ព្រមទាំងបណ្ដាប្រទេសនានាលើពិភពលោកផងដែរ។

សមាគមសហគ្រិនចិនជាំងស៊ូ នៅកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការនៅកម្ពុជានាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ដើម្បីទាក់ទាញអ្នកវិនិយោគពាណិជ្ជករ អាជីវករ និងអ្នកទេសចរណ៍ មកពីខេត្តជាំងស៊ូកាន់តែច្រើនថែមទៀត ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច កម្ពុជា ក៏ដូចជារួមចំណែកពង្រឹងពង្រីកមិត្ដភាពកម្ពុជា-ចិន ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here