សេដ្ឋកិច្ចសិង្ហបុរីត្រូវបានព្យាករណ៍នឹងធ្លាក់ចុះនៅត្រីមាសទី៤

ដោយៈ សុធារី

សឹង្ហបុរីៈ កំណើនសេដ្ឋកិច្ចរបស់សឹង្ហបុរី ត្រូវបានរំពឹងថាធ្លាក់ចុះនៅត្រីមាសទី៤មួយផ្នែក ដោយសារភាពមិនប្រាកដប្រជា ដែលបង្កឡើងដោយវីរុសអូមីក្រុង។

អ្នកវិភាគបានឱ្យដឹងថា ចក្ខុវិស័យសម្រាប់ឆ្នាំក្រោយ នឹងផ្អែកលើវឌ្ឍនភាពសេដ្ឋកិច្ចសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

យោងតាមការព្យាករណ៍ ជាមធ្យមរបស់សេដ្ឋវិទូក្នុងការស្ទង់មតិ ដែលធ្វើឡើង ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ត្រូវបានគេមើលឃើញថា នឹងកើនឡើង៥,៤ភាគរយនៅត្រីមាសទី៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅត្រីមាសទីបី សេដ្ឋ​កិច្ចសិង្ហបុរីបានកើនឡើង៧,១ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយលើកឡើងពីការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ កាលពីឆ្នាំមុនពីការធ្លាក់ចុះ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ លោក Brian Tan សេដ្ឋវិទូប្រចាំតំបន់មកពីធនាគារ Barclays បានឱ្យដឹងក្នុងរបាយការណ៍មួយថា “ការធ្លាក់ចុះអត្រាកំណើនប្រចាំឆ្នាំថ្មី ធៀបនឹងឆ្នាំចាស់មួយផ្នែកធំកើតឡើងដោយសារឥទ្ធិពលមូលដ្ឋាន មិនអំណោយផល”។

លោកមើលឃើញថា កំណើនសេដ្ឋកិច្ចរួមសម្រាប់ឆ្នាំ២០២១ មានអត្រា៦,៨ភាគរយ។
យោងតាមការព្យាករផ្លូវការបានឱ្យដឹងថា សេដ្ឋកិច្ចសិង្ហបុរីទំនងជាកើនឡើង ក្នុងអត្រាប្រហែល៧ភាគរយនៅឆ្នាំ២០២១ និងចន្លោះពី៣ទៅ៥ភាគរយក្នុងឆ្នាំ២០២២។

កំណើនសេដ្ឋកិច្ចរបស់បុរីរដ្ឋមួយនេះបាន និងកំពុងកើនឡើងនៅឆ្នាំនេះពីការរងគ្រោះ ដោយសារការរឹតបន្តឹងនានា ពាក់ព័ន្ធនឹងជំងឺកូវីដ និងការធ្លាក់ចុះសេដ្ឋកិច្ចសកល ខណៈដែលប្រទេសនានា នៅជុំវិញពិភពលោកបានផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ពួកគេ ឆ្ពោះមករកការរស់នៅជាមួយនឹងវីរុសកូរ៉ូណា។

ទោះជាយ៉ាងណា ប្រទេសដែលជាមជ្ឈមណ្ឌល ទេសចរណ៍មួយនេះបានផ្អាកការលក់សំបុត្រ សម្រាប់ជើងហោះហើរ និងសំបុត្ររថយន្តក្រុងចូលក្នុងប្រទេសរបស់ខ្លួន ស្ថិតក្រោមកម្មវិធីធ្វើដំណើរមិនធ្វើចត្តាឡីស័កកាលពីសប្តាហ៍មុន ខណៈវីរុសអូមីក្រុងកំពុងរាតត្បាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here