ក្រសួងពាណិជ្ជកម្មកម្ពុជានឹងជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែល្អប្រសើរ នៅដើមឆ្នាំ២០២២

ដោយ៖ សុផារី

ភ្នំពេញ៖ ឆ្នាំ២០២២ខាងមុខ អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវទិសដៅការងារអាទិភាពមួយចំនួន ដើម្បីរក្សានូវនិរន្តរភាពការងារ និងជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មអន្តរជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក រដ្ឋ សារ៉ាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មបាន មានប្រសាសន៍ឱ្យដឹងថា ទិសដៅការងារអាទិភាពទាំងនោះ គឺការផ្សព្វផ្សាយពីសក្ដានុពល និងអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចូលជាធរមាន ដូចជាជាមួយចិន កូរ៉េ និងASEP ជាដើម ដើម្បីទាក់ទាញវិនិយោគិន នឹងផ្តល់ឱកាសឱ្យវិស័យឯកជនអាចចាប់យកកាលានុវត្តភាពនេះ។

លោកបានមានប្រសាសន៍ថា “យើងនិងសហការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន ជាពិសេសកិច្ចប្រជុំឧត្តមមន្ដ្រី សេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដែលក្រសួងពាណិជ្ជកម្មជាតំណាងជាតិ រៀបចំនិងចូលរួមកិច្ចប្រជុំកំពូល កម្ពុជាឡាវ វៀតណាម លើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ បន្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសំខាន់ៗ មានជាអាទិ៍ ឥណ្ឌា ជប៉ុន ម៉ុងហ្គោលី កាណាដា អង់គ្លេស ដើម្បីធ្វើពិពិធកម្មទីផ្សារ និងជំរុញការនាំចេញស្របតាមគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា”។
លោកបានបន្តថា អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ក៏បានត្រៀមសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការអនុវត្តគម្រោងថ្មី ដើម្បីកសាងសមត្ថភាពដល់មន្ត្រី និងវិស័យឯកជនពាក់ព័ន្ធ និងសេដ្ឋកិច្ចឌីជីថល និងបទប្បញ្ញត្តិពាក់ព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចផងដែរ ។

លោកបញ្ជាក់ថា បើទោះបីជាកម្ពុជាមានបញ្ហាប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ-១៩ក្តី ក៏អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្ម បានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្មកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងសកលលោកឱ្យសម្រេចបាននូវលទ្ធផលមួយចំនួនគួរជាទីមោទនភាពបំផុត៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here