ដំណឹងល្អៈ ADB ផ្ដល់ហិរញ្ញប្បទានជាង ៣៣០លានដុល្លារជួយអភិវឌ្ឍន៍វិស័យជាច្រើននៅកម្ពុជា

ដោយៈសុផារី

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទាន ក្នុងទំហំទឹកប្រាក់៣៣២,0៥ លា​នដុល្លារ ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជានឹងជំងឺកូវីដ១៩ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និង ជួយកែលម្អបណ្តាញផ្លូវ។

នៅថ្ងៃទី៨ធ្នូ ២០២១នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Anthony Gill នាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី និងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងសន្តិសុខសុខភាពមហា អនុតំបន់មេគង្គ (GMS) ចំនួន៣0លានដុល្លារ គម្រោងវិនិយោគទីក្រុង ដែលអាចរស់នៅបាន១៨0លានដុល្លារ គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ (ដំណាក់កាលទី២) ៨២,0៥ លានដុល្លារ និង កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន៤0លានដុល្លារ។

លោក Gill នាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរបស់កម្ពុជា ADB ប្តេជ្ញាគាំទ្រលទ្ធភាពប្រកួតប្រជែង ផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ គម្រោងទាំងនេះ នឹងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការកែលម្អសេវាថែទាំសុខភាព បរិយាប័ន្នហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទីក្រុងនៅទីតាំងយុទ្ធសាស្ត្រមួយចំនួន និងបណ្តាញផ្លូវថ្នល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ នឹងធ្វើឱ្យប្រសើរឡើងនូវសេវាមន្ទីរពិសោធន៍ និងការត្រួតពិនិត្យបង្ការការឆ្លងរោគតាមមន្ទីរពេទ្យខេត្ត និងស្រុកចំនួន៨១នៅទូទាំងប្រទេសកម្ពុជា”។ លោក​បន្តថា “វានឹងជំរុញប្រព័ន្ធតាមដាននិងឆ្លើយតបជំងឺ ការគ្រប់គ្រងការរាត   ​ត្បាតនៃជំងឺកូវីដ១៩ និងការតាមរកករណីឆ្លង ដោយភ្នាក់ងារសុខាភិបាល មជ្ឍិមខេត្ត និងស្រុក”។

គម្រោងនេះ ក៏ត្រូវបានផ្តល់ជាមូលនិធិ តាមរយៈជំនួយចំនួន៥លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction ឬ JFPR) របស់រដ្ឋាភិបាលជប៉ុនផងដែរ។

គម្រោងវិនិយោគទីក្រុង ដែលអាចរស់នៅបាន នឹងជួយផ្តល់សេវាគ្រប់​គ្រងទឹកសំណល់ និងសំណល់រឹងកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋជាង ១៤ម៉ឺននាក់ នៅក្រុងបាវិត កំពត និងប៉ោយប៉ែត។ វានឹងជួយទីក្រុងទាំងបីកែលម្អប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូក្នុងទីក្រុង និងកាត់បន្ថយទឹកជំនន់។ JFPR បានផ្តល់ជំនួយបច្ចេកទេសចំនួន២លានដុល្លារ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អផែនការ ប្រើប្រាស់ដីធ្លី និងអភិបាលកិច្ច ក៏ដូចជាការងារផ្សេងទៀត។

ដំណាក់កាលទី ២ នៃគម្រោងកែលម្អបណ្តាញផ្លូវ នឹងស្តារឡើងវិញនូវផ្លូវជាតិ និងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងខេត្តកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ច មហាអនុតំបន់មេគង្គ ភាគខាងត្បូង។ គម្រោងនេះនឹងបញ្ចូលការរចនាដែលធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ ហើយជួយក្រសួងសាធារណការ និង ដឹកជញ្ជូន ក្នុងការគ្រប់គ្រងផ្លូវថ្នល់ ឱ្យបានកាន់តែប្រសើរ។

កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន នឹងជួយរដ្ឋាភិបាលពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសខ្នាតតូច និង មធ្យម អនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាព ហិរញ្ញវត្ថុ និង ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here