ក្រសួងសេដ្ឋកិច្ចដាក់ដំណើរការកម្មវិធីថ្នាក់ជាតិស្តីពីធុរកិច្ចថ្មីកម្ពុជា ដើម្បីគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” ដើម្បីគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនិងធុរកិច្ចថ្មី តាមរយៈការពង្រឹងសហគ្រិនភាព និងការជំរុញធុរកិច្ចថ្មី ទាំងផ្នែកសមត្ថភាព និងធនធានហិរញ្ញវត្ថុ។

ពិធីនេះក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាង ក្រសួង-ស្ថាប័ន ស្ថានទូត សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា វិស័យឯកជន ស្ថាប័នបណ្ដុះ និងពន្លឿនអាជីវកម្ម បណ្ដាញវិនិយោគិន និងធុរកិច្ចថ្មី ផងដែរ។

លោក អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការកម្មវិធីថ្នាក់ជាតិធុរកិច្ចថ្មីកម្ពុជា គឺជាការឆ្លើយតបយ៉ាងលឿននិងការចូលរួមអនុវត្តគោលនយោបាយនានា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជា។”

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា ការរៀបចំកម្មវិធីថ្នាក់ជាតិ ស្តីពី «ធុរកិច្ចថ្មីកម្ពុជា» នេះ មានគោលបំណងធំៗចំនួន៤រួមមាន ទី១៖ ភ្ជាប់តួអង្គទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងពង្រឹងកិច្ចសហការរវាងគ្នា និងគ្នាតាមរយៈកម្មវិធីបែបសហគមន៍ និងថ្នាលឌីជីថល ទី២៖ សហការពង្រឹងសហគ្រិនភាព និងបណ្តុះធុរកិច្ចថ្មី ដោយបំពេញមុខងារគាំទ្រ ឲ្យគ្នាទៅវិញទៅមក រវាងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីតាមយន្តការសហបង្កើតថ្មី ទី៣៖ ផ្តល់ព័ត៌មានបែបវិទ្យាសាស្ត្រគ្រប់ជ្រុង ជ្រោយទាក់ទងនឹងសហគ្រិនភាព ធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ទាំងមូលតាមថ្នាលឌីជីថល និង៤៖ ជាវេទិកាជាតិមួយ ក្នុងការថ្ពក់ទៅនឹងកម្មវិធីស្រដៀងគ្នា របស់បណ្តាប្រទេសនានា។

ការអភិវឌ្ឍធុរកិច្ចឌីជីថល គឺជាសរសរស្តម្ភមួយ ក្នុងការកសាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដោយផ្តោតលើការ គាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី តាមរយៈការពង្រឹងសហគ្រិនភាព និងការជំរុញធុរកិច្ចថ្មី ទាំងផ្នែកសមត្ថភាព និងធនធានហិរញ្ញវត្ថុ។

តាមទិសដៅនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធដាក់ចេញនូវ ការអនុវត្តកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» ក្រោមការសម្របសម្រួលពីសំណាក់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និង «សហគ្រិនខ្មែរ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here