ពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានទំហំទឹកប្រាក់កើនដល់៨៩៣១លានដុល្លារអាមេរិក ក្នុងរយៈពេលចំនួន១០ខែក្នុងឆ្នាំ២០២១

ដោយ៖ សុផារី

ភ្នំពេញ៖ យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា រយៈពេលចំនួន១០ខែក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនទឹកប្រាក់កើនរហូតដល់៨៩៣១លានដុល្លារអាមេរិក មានកំណើន៣៨.៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយរបស់ហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានចំនួនប្រមាណ១២២២លានដុល្លារអាមេរិក មានកំណើន៤៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
រីឯទំហំនៃការនាំចូលពីប្រទេសចិនមកកាន់កម្ពុជាវិញមានចំនួនប្រហែល៧៧០៩លានដុល្លារអាមេរិក មានកំណើន៣៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិនមានកំណើនកើនឡើងទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ ដែលបង្ហាញឱ្យឃើញពីភាពខ្លាំងក្លានិងមានកម្លាំងឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here