ព្រឹទ្ធសភាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុដែលរដ្ឋាភិបាលត្រូវចំណាយជាង៨០០០លានដុល្លារនៅឆ្នាំ២០២២

ដោយ: ម៉ាលីស

ភ្នំពេញៈ ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ក្នុងសម័យប្រជុំវិសាមញ្ញនីតិកាលទី៤ ក្រោមអធិបតី ភាពដ៏ខ្ពង់​ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិត លើគន្លងនៃកំណើនខ្ពស់ឡើង និងរស់រវើកវិញក្រោយប្រឈមវិបត្តិកូវីដ១៩។

លោក ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភាមានប្រសាសន៍ថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តី ព្រាងច្បាប់ទាំង​មូលដោយឥតកែប្រែ ក្នុងចំនួន៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ លោកបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២២នេះ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាល បន្តគ្រប់គ្រងសភាពការណ៍វិបត្តិនៃជំងឺកូវីដ-១៩ និងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម ព្រមទាំងហានិភ័យផងទាំងពួង ទាំងក្នុងនិងក្រៅប្រទេស ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ឱ្យស្ថិតលើគន្លងនៃកំណើនខ្ពស់ឡើង និងរស់រវើកវិញ ហើយអាចឆ្លើយតបបានទៅនឹង បំណងប្រាថ្នារបស់ប្រជាជនផង ក៏ដូចជានឹងជួយរាជរដ្ឋាភិបាលឱ្យសម្រេចបាននូវបុព្វហេតុចម្បងៗ ស្របតាមទិសដៅនៃការកែទម្រង់ស៊ីជម្រៅរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ និងសំដៅនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាពយូរអង្វែង វឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើង នៅក្នុងបរិការណ៍បច្ចុប្បន្នដែលកម្ពុជា កំពុងស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩នៅឡើយ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងការបន្តរីករាលដាលនៃមេរោគកូរ៉ូណាបំប្លែងថ្មី ដែលបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងកំពុងដាក់សម្ពាធកាន់តែធ្ងន់មកលើថវិកាជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះអាច ប្រសិទ្ធនាមថា ជាថវិកាសម្រាប់បន្តការប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាពរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីបន្តប្រយុទ្ធការពារអាយុជីវិតប្រជាជនរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធា​នឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៥ជំពូក និង១៤មាត្រា ត្រូវបាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើក ដំបូងចំនួន១០៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។ ជាមួយគ្នាដែរនេះ ព្រឹទ្ធសភាក៏បានពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន២ទៀត រួមមានសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here