ជប៉ុនផ្តល់ហិរញ្ញប្បទានជាង ២០០លានដុល្លារសាងសង់កំពង់ផែទឹកជ្រៅក្នុងជំហ៊ានទី១នៅក្រុងព្រះសីហនុ

ដោយៈ លក្ខិណា

ភ្នំពេញៈ ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ដែលមានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២២ខាងមុខនេះ ដោយទទួលបាន ប្រាក់កម្ចីជាង២០០លានដុល្លារពីរដ្ឋាភិបាលជប៉ុន។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័ត្ន ខេត្តព្រះសីហនុលោកលូ គឹមឈន់បានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ពេលកំពង់ផែទឹកជ្រៅ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឱ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៊ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង២០០ដុល្លារក្នុងមួយកុងតឺន័រ។

បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ចូលបានតែប្រមាណតែ១៨%ប៉ុណ្ណោះមានន័យថា ក្នុងចំណោម១០០កប៉ាល់អាចចូលចតបានតែ១៨ ឬ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័រ បានតែ១៥០០ប៉ុណ្ណោះ។

ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានជាង២៥៤ ពាន់លានរៀល ឬប្រមាណ៦២លានដុល្លារ កើនឡើងជិត៣០លានពាន់លានរៀ​ល បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានតែជាង២២៧ពាន់លានរៀល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណូលទាំងនោះ បានមកពីការលើកដាក់នាវាចំណូល លើកដាក់លើទីលាន ចំណូលបានពីសេវាកំពង់ផែ ចំណូលពីការរក្សាទុកកុងតឺន័រ ចំណូលបានមកពីការជួលតំបន់សេដ្ឋកិច្ចពិសេស និងចំណូលផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here