សហភាពអឺរ៉ុប បង្ហាញផែនការវិនិយោគ៣៤០ពាន់លានដុល្លារ ដើម្បីប្រជែងនឹងគំនិតផ្តួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” របស់យក្សចិន

ដោយៈសុខុម

ព្រុចសែល: គណៈកម្មការអឺរ៉ុប កាលពីថ្ងៃពុធ ទី១ ធ្នូ បានបង្ហាញផែនការវិនិយោគរហូតដល់ទៅ៣៤០ពាន់លានដុល្លារអាមេរិក ទូទាំងពិភពលោកនៅត្រឹមឆ្នាំ២០២៧ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងអាកាសធាតុ ដើម្បីប្រជែងនឹងគំនិតផ្តួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) របស់មហាយក្សចិន។

គម្រោងដ៏ធំសម្បើមដែលមានឈ្មោះថា Global Gateway នេះគឺដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់អឺរ៉ុប ជំរុញពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងជួយប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ ដោយផ្តោតលើឌីជីថលនីយកម្ម សុខាភិបាល អាកាសធាតុ វិស័យថាមពល និងវិស័យដឹកជញ្ជូន ព្រមទាំងការអប់រំ និងការស្រាវជ្រាវ។

ប្រទេសចិន បានចាប់ផ្តើមគម្រោង “ខ្សែក្រវាត់ និងផ្លូវ” របស់ខ្លួនក្នុងឆ្នាំ២០១៣ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម ជាមួយពិភពលោក ហើយបាននិងកំពុងចំណាយប្រា​ក់យ៉ាងច្រើនសន្ធឹកសន្ធាប់ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសរាប់សិបជុំវិញពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែក្រុមមន្ត្រីសហភាពអឺរ៉ុប បានដោទប្រទេសចិនទាំងបំពានថា ភាគច្រើននៃការផ្តល់ហិរញ្ញប្បទានពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង គឺគ្មានការអនុគ្រោះ គ្មានតម្លាភាព និងធ្វើឱ្យប្រទេសក្រីក្រមួយចំនួន ជាពិសេសនៅទ្វីបអាហ្រ្វិក ពឹងផ្អែកលើប្រទេសចិន កាន់តែខ្លាំងតាមរយៈបំណុល។

ខុសពីប្រទេសចិន សហភាពអឺរ៉ុបនឹងធានាថា សហគមន៍មូលដ្ឋាន នឹងទទួលផលប្រយោជន៍ពិតប្រាកដ ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមគម្រោង Global Gateway។ ចំណែកឯវិស័យឯកជន ក៏នឹងទទួលបានអត្ថប្រយោជន៍ ពីគម្រោងនេះដែរ ហើយការចូលរួមពាក់ព័ន្ធរបស់សហភាពអឺរ៉ុប ធ្វើឱ្យការវិនិយោគមិនសូវមានហានិភ័យខ្ពស់។

ក្នុងឱកាសបង្ហាញផែនការវិនិយោគដ៏ធំនេះ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា “ជាការពិតណាស់ ប្រ​ទេសនានា ត្រូវការជម្រើសផ្សេងដែលល្អប្រសើរជាង (គំនិតផ្តួចផ្តើម “ខ្សែក្រវាត និងផ្លួវ” របស់ប្រទេសចិន)” ហើយអះអាងថា គម្រោងរបស់សហភាពអឺរ៉ុប គឺជា “ជម្រើសដ៏ពិតប្រាកដ”។

លោកស្រី Jutta Urpilainen ដែលជាឧត្តមស្នងការសហភាពអឺរ៉ុប សម្រាប់សហប្រតិបត្តិការអន្តរជាតិ (EU International Partnerships) បានថ្លែងក្នុងសន្និសីទសារព័ត៌មានដដែលថា ចំនួនទឹកប្រាក់ដែលសហភាពអឺរ៉ុប ចំណាយលើជំនួយអភិវឌ្ឍន៍គឺប្រ​ហាក់ប្រហែល នឹងចំនួនទឹកប្រាក់របស់ប្រទេសចិនដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here