ធនាគារអេស៊ីលីដាដាក់ឱ្យដំណើរការជាផ្លូវការនូវផ្សារអនឡាញ អេស៊ីលីដាអ៊ីសប

ដោយៈសុធារី

ភ្នំពេញៈធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) បានដាក់ឱ្យដំណើរការជាផ្លូវការនូវ អេស៊ីលីដាអ៊ីសប ដែលជាមធ្យោបាយទាន់សម័យសម្រាប់ទិញ-លក់ទំនិញ និងទូទាត់អនឡាញតាម អេស៊ីលីដាម៉ូបាល។

លោកបណ្ឌិតអ៊ីន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ក្នុងពិធីកាលពីថ្ងៃទី៣០ វិច្ឆិកាកន្លងមកថា ផ្សារអនឡាញកំពុងមានប្រ​ជាប្រិយភាពខ្លាំងនៅក្នុងពិភពលោក រួមទាំងព្រះរាជាណាចក្រកម្ពុជា។ មូលហេតុចម្បងដែលមនុស្សជាច្រើននិយមទិញ-លក់ទំនិញ និងសេវាកម្មផ្សេងៗ តាមផ្សារអនឡាញ ដោ​យ​សារវាមានភាពងាយស្រួល ចំណេញពេលវេលា ជៀសផុតការឆ្លងមេរោគ ក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩។

ដោយមើលឃើញឱកាស និងសក្តានុពលផ្សារអនឡាញនេះ ធនាគារអេស៊ីលីដា បានអភិវឌ្ឍ និងដាក់ឱ្យដំណើរការជាផ្លូវការនូវអេស៊ីលីដាអ៊ីសប ជាផ្សារអនឡាញ ដើម្បីឱ្យដៃគូអាជីវកម្ម អាជីវករ និងអតិថិជន អាចទិញ-លក់ និងទូទាត់ទំនិញ និងសេវាកម្មផ្សេងៗបានយ៉ាងឆាប់រហ័ស ងាយស្រួល ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់។ ក្នុងនោះ The First Store ជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញដំបូងគេ ដែលបានដាក់លក់ទំនិញរាប់ម៉ឺនប្រភេទ នៅលើផ្សារអនឡាញ អេស៊ីលីដាអ៊ីសប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៊ុន ណារ៉ា អ្នកគ្រប់គ្រងទូទៅ The First Store បានមានប្រសាសន៍ថា “The First Store បង្កើតឡើងនៅឆ្នាំ២០១៣ ដោយផ្តោតលើគុណភាពតម្លៃ និងសេវាកម្ម ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ។ The First Store ក៏មានទំនិញប្រហែល១២០០០មុខទំនិញសម្រាប់ផ្គត់ផ្គង់ជូនអតិថិជនទូទាំងប្រទេស។”

លោកបានបន្តថា “ក្នុងសម័យបច្ចេកវិទ្យា និងក្នុងបរិបទកូវីដ-១៩នេះ ផងដែរ E-Shop ដើរតួនាទីដ៏សំខាន់ក្នុងវិស័យអាជីវកម្ម។ យើងខ្ញុំក៏មានមោទនភាពជាខ្លាំង ដែលបានសហការជាមួយ ACLEDA E-Shop ដើម្បីមានភាពងាយស្រួលក្នុងការបញ្ជាទិញ។ The First Store រីករាយបម្រើលោកអ្នកដោយបេះដូង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here