សេចក្តីព្រាងច្បាប់របស់ក្រសួងពាណិជ្ជកម្មទទួលការអនុម័តពីរដ្ឋសភា

ដោយៈម៉ាលីនណា

ភ្នំពេញៈ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពី ការពង្រឹងយន្តការដោះស្រាយវិវាទ។

ការអនុម័តនេះ ធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា។

ក្រោយចប់កិច្ចប្រជុំកាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍នានារបស់លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងលោករដ្ឋមន្រ្តី លោកប៉ាន សូរស័ក្តិ អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ដែលកម្ពុជា នឹងទទួលបានពីសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពី ការពង្រឹងយន្តការដោះស្រាយវិវាទ ដែលក្នុងនោះរួមមាន៖ការទទួលបាននីតិវិធីពិសេស សម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួច និងការបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីរួមចំណែកដ៏សំខាន់ដល់ការពង្រឹងយន្តការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌអាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំ បានអនុម័តយល់ព្រមទាំងស្រុង ដោយមិនមានការកែប្រែលើសេចក្តីព្រាងច្បាប់មួយនេះ ដោយមានសម្លេងគាំទ្រ១០៤សម្លេង។

លោករដ្ឋមន្ត្រីប៉ាន សូរស័ក្តិបានបញ្ជាក់ជូនថា រដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជម្មជាសេនាធិការ តែងតែខិតខំប្រឹងប្រែងអនុវត្តនូវគោលនយោបាយ និងអាណ្ណត្តិប្រគល់ជូនដោយរាជរដ្ឋាភិបាល ជាពិសេសប្តេជ្ញាខិតខំប្រឹងប្រឹងកសាងច្បាប់ និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្ម និងសហការជាមួយអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក៏ដូចជាវិស័យឯកជន សំដៅធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងទៀតថា អង្គប្រជុំសភាបានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោករដ្ឋម  ន្ត្រី ដែលបានកសាងច្បាប់ និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្ម និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តបន្ថែមទៀតរបស់លោក ក្នុងការខិតខំធ្វើឲ្យប្រសើរឡើងនូវបរិយាកា​សធុរកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការអនុវត្តកាតព្វកិច្ចនានាក្រោមក្របខ័ណ្ឌតំបន់ និងសកល ស្របតាមអាណ្ណត្តិផ្តល់ជូនដោយប្រមុខរាជរដ្ឋាភិបាល។

មុនកិច្ចបញ្ចប់ លោករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំទាំងមូល ដែលបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពី ការពង្រឹងយន្តការដោះស្រាយវិវាទ ហើយសង្ឃឹមយ៉ាងមុតមាំថា ច្បាប់នេះ នឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្ត ដល់សង្គមជាតិទាំងមូល និងជាពិសេសបង្ហាញពីការប្តេជ្ញាចិត្ត និងតួនាទីរបស់កម្ពុជា ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងសហគមន៍អាស៊ានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here