រដ្ឋាភិបាលប្រមូលចំណូលចរន្តបាន ៣៨០០លានដុល្លារអាមេរិកក្នុងដំណាច់ត្រីមាសទី៣

ដោយៈ សិរី ម៉ាលីនណា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៩ខែឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលចរន្តបានប្រមាណ ៣៨០០លានដុល្លារ)។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើនៅថ្ងៃទី២៣ ខែវិច្ឆិកាកន្លងមកក្រោ​មអធិបតីភាព អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ (គ.ហ.ស.)។

តាមរយៈរបាយការណ៍វឌ្ឍនភាពកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក២ ប្រចាំត្រីមាសទី៣ ឆ្នាំ ២០២១ បានបង្ហាញថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជារួមមានវឌ្ឍនភាពល្អប្រសើរគួរកត់សម្គាល់ បើទោះបីជាសកម្មភាពខ្លះ ត្រូវបានខកខានអនុវត្តន៍ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្តែងក្នុងរយៈពេល៩ខែ នៅឆ្នាំ ២០២១កន្លងមកនេះ ការប្រមូលចំណូលចរន្ត សម្រេចបាន៧៥% ធៀបនឹងច្បាប់ (ទំហំ១៥ ៨៩៥ ប៊ីលានរៀល) ច្រើនជាងការប្រមូលចំណូល នៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ដែលសម្រេចបានត្រឹម៦៣%ធៀបនឹងច្បាប់។

ដោយឡែក, គិតត្រឹមត្រីមាសទី ៣, ទោះបីជាការអនុវត្តចំណាយថវិកាជាតិ មានការយឺតជាងផែនការបន្តិចក្តី តែការអនុវត្តជារួមមានការកើនឡើងពី៥៧% ធៀបនឹងច្បាប់ (ទំហំ ២៧ ២៨៥ប៊ីលានរៀល) នៅឆ្នាំ ២០២០ ដល់៦១% ធៀបនឹងច្បាប់ (ទំហំ ២៧ ៤២៥ ប៊ីលានរៀល) នៅឆ្នាំ ២០២១។

ទន្ទឹមនេះ, ដំណើរការនៃការអនុវត្តចំណូលចំណាយ ចាប់ផ្ដើមកែលម្អ តាមរយៈការដាក់ចេញឱ្យអនុវត្តយុទ្ធសាស្រ្ត កៀរគរចំណូល (RMSII) ការសិក្សា និងដាក់ចេញផែន​ការសកម្មភាព សម្រាប់ដោះស្រាយចំណាយកកស្ទះ ការពង្រីកការទូទាត់ចំណាយថវិកាជាតិតាមប្រព័ន្ធ E-Transfer ការរៀបចំគោលការណ៍ណែនាំហិរញ្ញវត្ថុសាធារណៈ នៅតាមក្រសួងស្ថាប័ន និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈជាដើម។

លោកអូន ព័ន្ឋមុនីរ័ត្នបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងគ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតសម្រេចបានសមិទ្ធផលនៅត្រីមាសទី៣ នេះ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៣ បូក២ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here