រដ្ឋបាលខណ្ឌដូនពេញជំរុញវិស័យនានាគាំទ្រគម្រោងវិនិយោគបីឆ្នាំរំកិលជាង៥០០គម្រោង

ដោយៈ សុធារី

ភ្នំពេញៈ រដ្ឋបាលខណ្ឌដូនពេញ បានលើកយកគម្រោងវិនិយោគបីឆ្នាំរំកិលរបស់ខ្លួនប្រមាណ៥០០គម្រោង ដើម្បីដាក់ស្នើសុំដល់វិស័យនានាជួយគាំទ្រ ខណៈគម្រោងក្នុងឆ្នាំ២០២១នេះ មិនទាន់បានសម្រេចពេញលេញនៅឡើយ ពោលគឺបានត្រឹមជិត៥៩ភាគរយប៉ុណ្ណោះ។

លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានលើកឡើងនៅក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) នៅរសៀលថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២១នេះថា ឆ្នាំ២០២១ ខណ្ឌដូនពេញទទួលបានគម្រោងគាំទ្រសរុបចំនួន១២៨គម្រោង ដោយអនុវត្តសម្រេចបានចំនួន៧៣គម្រោង ស្មើនឹង៥៩ភាគរយ ក្នុងនោះមានផ្នែកសេដ្ឋកិច្ចចំនួន១៤គម្រោង ផ្នែកសង្គមកិច្ចចំនួន៣៥គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុចំនួន៥គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈចំនួន១៩គម្រោង។

លោកបន្តថា គម្រោងអាទិភាពរបស់ខណ្ឌ ដាក់ស្នើសុំគាំទ្រឆ្នាំ២០២២ មានចំនួន១១២គម្រោងក្នុងនោះ គម្រោងផ្នែកសេដ្ឋកិច្ច២៩គម្រោង ផ្នែកសង្គមកិច្ច៤០គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ២២គម្រោង និងផ្នែករដ្ឋបាល និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈចំនួន២១គម្រោង ។

លោកអភិបាលខណ្ឌ សម្រាប់គម្រោងអទិភាពរបស់សង្កាត់ទាំង១១ ដាក់ស្នើសុំគាំទ្រ ឆ្នាំ២០២២ មានចំនួន ៤០២គម្រោង ក្នុងនោះវិស័យអាជីវកម្មចំនួន ២៧គម្រោង, វិស័យអប់រំ២៩, វិស័យសុខភាព ៧២គម្រោង, វិស័យងាយរងគ្រោះ ៤២គម្រោង, វិស័យបរិស្ថាន ៥៤គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ចំនួន ១៧៨គម្រោង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ ពេញវុធបានបន្តថា សិក្ខាសាលានេះរៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍៥ឆ្នាំ របស់ខណ្ឌ និងសង្កាត់ ដែលនៅក្នុងនោះចាំបាច់ ត្រូវមានការចូលរួមគាំទ្រ ពីសំណាក់វិស័យជាច្រើន ដើម្បីឲ្យគម្រោងដែលបានរៀបចំឡើង ឆ្លុះបញ្ចាំងពីតម្រូវការជាអទិភាព នៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឲ្យចំគោលដៅ ក៏ដូចជាការអនុវត្តទៅប្រកបដោយប្រសិទ្ធភាពជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here