សេចក្តីព្រាងក្របខណ្ឌយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា១៥ចំណុចនឹងចេញនៅអំឡុងចុងខែវិច្ឆិកានេះ

ដោយៈម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបានអះអាងថា សេចក្តីព្រាងក្របខ័ណ្ឌយុទ្ឋសាស្រ្តស្តារ និងជំរុញកំនើនសេដ្ឋកិច្ចកម្ពុជាចំនួន១៥ចំណុច នឹងចេញនៅចុងខែវិច្ឆិកានេះ ព្រោះវាជាកិច្ចការបន្ទាន់មួយ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកវេង សាខុនបានមានប្រសា​សន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៦ វិច្ឆិកានេះថា សេចក្តីព្រាងគោល​នយោ​បាយថ្មីនេះ ជាគោលនយោបាយរយៈពេលមធ្យម សម្រាប់ឆ្នាំ២០២២ ២០២៣ ដែលក្រសួងពាក់ព័ន្ឋកំពុងរៀបចំ និងអាចចេញដំណើរនៅចុងខែនេះ។

លោកបន្តថា “គោលនយោបាយនេះបានលើកឡើងចំ ចំណុចដែលត្រូវធ្វើច្រើន ប៉ុន្តែអ្វីសំខាន់គឺការអនុវត្តន៍ជាក់ស្តែងថា តើអ្នកអនុវត្តន៍ធ្វើបានឬយ៉ាងណា ព្រោះការងារ​ជាច្រើនកន្លងមក យើងមិនទាន់អេះចំរមាស់នៅឡើយទេ”។លោកបន្តថា “យើងនៅមានបញ្ហាប្រឈមច្រើនផ្នែកវិស័យកសិកម្ម ការដឹកជញ្ជូន ថ្លៃអគ្គិសនី និងមូលដ្ឋានគាំទ្រជាច្រើនទៀត ដើម្បីជម្រុញការនាំចេញ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកវេង សាខុនបានបន្តថា គោលនយោបាយនេះមានរយៈពេលមធ្យម រយៈពេល​វែង ដែលត្រូវធ្វើជាជំហ៊ានៗ ស្របពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន នឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២ខាងមុខនេះ។

ទាក់ទងបញ្ហានេះផងដែរ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា គោលនយោបាយ ច្បាប់យើងមានអស់ហើយ តែអ្វីសំខាន់គឺការអនុវត្តន៍ច្បាប់ ដែលស្ថាប័នពាក់ព័ន្ឋគួរទប់ស្កាត់ការនាំចូលទំនិញ វត្ថុធាតុដើមដោយខុសច្បាប់ ដើម្បីទប់ស្កាត់ការបង្ខូចតម្លៃ និងប៉ះពាល់ដល់ទីផ្សារ។ លោកបន្តថា ចំណុចសំខាន់មួយទៀត គឺការធ្វើកិច្ចសន្យាកសិកម្មរវាងកសិករ និងក្រុមហ៊ុនឲ្យមានប្រសិទ្ឋភាព ដើម្បីធានាបានប្រសិទ្ឋភាព និងការផ្គត់ផ្គង់ទំនិញសម្រាប់នាំចេញបាន តាមតាមខ្សែច្រវ៉ាក់ផ្គត់ផ្គង់ មិនមែនមានទំនិញតាមរដូវកាលនោះទេ។

លោកបន្តថា “មានក្រុមហ៊ុនជាច្រើនចង់សហការ ដើម្បីដាំដុះលើផ្ទៃដី១០០០ហិកតាឬច្រើនជាងនេះ ប៉ុន្តែពួកគេគ្មានដី ហេតុនេះទើបពួកគេចង់បានឲ្យមានកិច្ចសន្យាកសិ​កម្មដែលអាចទុកចិត្តបាន”។ លោកបន្តថា “ការមានដីទំហំ១០០០ហិកតា សម្រាប់ដាំដំណាំអ្វីមួយ ធនាគារក៏ផ្តល់ទុនផងដែរ ប៉ុន្តែពួកគេមិនមានទំនុកចិត្តទាក់ទងនឹងកិច្ចសន្យា​ដែលពេលខ្លះកសិករផលិតបាន យកទៅលក់ជូនក្រុមហ៊ុនផ្សេង និងពេលខ្លះក្រុមហ៊ុន មិនទិញយកកសិផលពីកសិករដែលផលិតបាន ដែលនេះសុទ្ឋតែជាបញ្ហាត្រូវដោះស្រាយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here