មហាយក្សចិនព្រមានជប៉ុនកុំឱ្យលូកដៃក្នុងបញ្ហាក្រុងហុងកុង និងតំបន់ស្វយ័តស៊ីនជាំង

ដោយៈសុខុម

ប្រទេសចិនៈ មហាយក្សចិន បានកំញើញប្រទេសជប៉ុន កុំឱ្យលូកដៃចូល “កិច្ចការផ្ទៃក្នុង” របស់ខ្លួនដែលរួមមានបញ្ហាក្រុងហុងកុង  និងតំបន់ស្វយ័តស៊ីនជាំង (Xinjiang) ខណៈដែលនាយករដ្ឋមន្រ្តីជប៉ុន លោកYoshihide Suga ត្រៀមខ្លួនជួបជាមួយប្រធានាធិ​បតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នៅចុងខែនេះ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី៦ មេសា នេះ។

យោងតាមសេចក្ដីថ្លែងការណ៍ របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃអង្គារទី៦ មេសា នេះឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង អ៊ី (Wang Yi) បានប្រាប់ទៅរដ្ឋមន្ត្រីការបរទេសជប៉ុន លោកToshimitsu Motegi ថា លោកសង្ឃឹមយ៉ាងមុតមាំថា ប្រទេសជប៉ុន នឹងអាចចាត់ទុកការអភិវឌ្ឍរបស់មហាយក្សចិនក្នុងផ្លូវវិជ្ជមាន។

ក្រសួងការបរទេសជប៉ុន បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយថា លោ​កToshimitsu Motegi បានគូសបញ្ជាក់ជាថ្មីអំពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រទេសជប៉ុន ចំពោះបញ្ហាមួយចំនួន រួមមាន ស្ថានភាពនៅក្រុងហុងកុង និងតំបន់ស្វយ័តស៊ីនជាំង ព្រមទាំងការអនុម័តរបស់មហាយក្សចិន នូវច្បាប់មួយដែលអនុញ្ញាតឱ្យឆ្មាំសមុទ្ររបស់ខ្លួនបាញ់ទៅលើនាវាបរទេសតាមអំពើចិត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga នឹងក្លាយជាមេដឹកនាំបរទេសដំបូងគេដែលនឹងជួបលោកចូ បៃឌិន ដោយផ្ទាល់ ហើយនេះឆ្លុះបញ្ចាំងពីការផ្តោតយកចិត្តទុក​ដាក់របស់សហរដ្ឋអាមេរិក លើការរក្សាទំនាក់ទំនងល្អជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់ នៅពេលប្រទេសមហាអំណាចលេខ១ របស់ពិភពលោកមួយនេះ ព្យាយាមដាក់សម្ពាធលើមហាយក្សចិន កាន់តែខ្លាំងរាប់ចាប់ពីបញ្ហាគោរពសិទ្ធិមនុស្ស ការធ្វើពាណិជ្ជកម្មរហូតដល់ការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូវីដ-១៩។

លោក Yoshihide Suga បានទទួលរងសម្ពាធពីសមាជិកមួយចំនួននៅក្នុងគណបក្សកាន់អំណាចផ្ទាល់ខ្លួនរបស់លោក ដែលចង់ឱ្យប្រទេសជប៉ុន ដើរតាមគន្លងបណ្ដាប្រ​ទេសប្រជាធិបតេយ្យធំៗដទៃទៀត នៅក្នុងការដាក់ទណ្ឌកម្មលើមន្រ្តីចិន ដែលជាប់ពាក់ព័ន្ធនឹងការបង្ខិតបង្ខំមនុស្ស ឱ្យធ្វើការជាទម្ងន់នៅតំបន់ស៊ីនជាំង ជាពិសេសនៅមុនជំនួបកំពូលនៅសេតវិមាននាថ្ងៃទី១៦ ខែមេសា និងកិច្ចប្រជុំកំពូល G7 នៅប្រទេសអង់គ្លេស នាខែមិថុនា។

ប្រទេសជប៉ុនយល់ថា ខ្លួនកាន់តែពិបាកខ្លាំងឡើងៗ នៅក្នុងរក្សាតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តយោធាតែមួយគត់របស់ខ្លួន និងមហាយក្សចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។ ប្រទេសជប៉ុន បានបង្កើនវោហារសាស្ត្ររបស់ខ្លួនកាន់តែខ្លាំងឡើង នៅពេលរដ្ឋការរបស់លោកចូ បៃឌិន បានបង្ហាញសញ្ញាពីការយកចិត្តទុកដាក់ជាថ្មី លើបញ្ហាគោរពសិទ្ធិមនុស្សនៅក្នុងគោលនយោបាយការបរទេស ប៉ុន្តែប្រទេសនេះខ្វះក្របខណ្ឌគតិយុត្តិដើម្បីដាក់ទណ្ឌកម្ម។

សហរដ្ឋអាមេរិក ប្រទេសកាណាដា សហភាពអឺរ៉ុប និងប្រទេសអង់គ្លេស សុទ្ធតែបានដាក់ទណ្ឌកម្មលើមហាយក្សចិន ចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប្រឆាំងក្រុមជនជាតិភាគតិចវីហ្គួ នៅតំបន់ស៊ីនជាំង ជាហេតុជំរុញឱ្យក្រុមសមាជិកសភា អំពាវនាវឱ្យប្រទេសជប៉ុន ដើរតាមគន្លងប្រទេសប្រជាធិបតេយ្យធំៗទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here