ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១នេះ គេឃើញថា អ្នកវិនិយោគជាច្រើន បាននាំគ្នាសម្រុកអភិវឌ្ឍវិស័យដីធ្លី ជាពិសេសទៅលើការអភិវ ឌ្ឍដីឡូត៍នៅតំបន់ជាយៗរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តជាប់ភ្នំពេញ។
ការសម្រុកអភិវឌ្ឍវិស័យនេះ ក្នុងពេលតែមួយនឹងធ្វើឱ្យទីផ្សារឆ្អែត ហើយមានប៉ះពាល់ទីផ្សារកាន់តែខ្លាំង។
លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៥ មេសានេះថា មិនថាតែការវិនិយោគទៅលើដីធ្លីនោះទេ និយាយរួមការវិនិយោគអចលនទ្រព្យទាំងមូល បើកាលណាវិនិយោគិននាំគ្នាសម្រុកវិនិយោគតែលើអចលនទ្រព្យ ដូចជានាំគ្នាសម្រុកវិនិយោគតែលើដីធ្លី ដោយទិញដីហើយពុះឡូត៏លក់គឺវានឹងបង្កផលប៉ះពាល់ ធ្វើឱ្យតម្លៃដីធ្លីឡើងថ្លៃ តែពេលពុះដីឡូត៏ហើយមិនមានអ្នកទិញទៅវិញ ។
លោកបន្តថា “នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ពិតជាមានអ្នកក្នុងវិស័យផ្សេងងាកមកវិនិយោគលើដីធ្លី និងអចលនទ្រព្យច្រើនមែន តែការវិនិយោគនេះ វានឹងប៉ះពាល់ដល់ទីផ្សារជាក់ស្ដែងនៃតម្លៃអចលនទ្រព្យនោះ”។ លោកបន្តថា “ការផ្គត់ផ្គង់នៅតែមានច្រើនខណៈតម្រូវការជាក់ស្ដែងគឺថមថយ ដោយសារតែមនុស្សបានបាត់បង់ចំណូល នៅក្នុងវិបត្តិនៃជំងឺនេះ ដែលនាំទៅរកវិបត្តិហិរញ្ញវត្ថុគ្រួសារ”។
លោកបន្ថែមថា បើមនុស្សមានលុយច្រើន ហើយផ្ដោតលើការវិនិយោគតែក្នុងវិស័យអចលនទ្រព្យមួយមុខ ក៏វាមិនល្អនោះដែរហើយងាយនឹងប៉ះពាល់ ថែមទាំងប៉ះពាល់ធ្ងន់ធ្ងរទៀតផង។ តែបើសិនជាមនុស្សម្នាក់នោះ មានលុយច្រើនហើយបណ្ដាក់ទុនលើច្រើនវិស័យ បើទោះបីជាវិស័យមួយដួល ក៏មានវិស័យជាច្រើនទៀតជួយទប់ទល់ដែរ។ នេះគឺជាការវិនិយោគដែលឆ្លាតវៃ និងត្រូវយកចិត្តដាក់ពីសំណាក់អ្នកវិនិយោគធំៗ ។
ជាមួយគ្នានេះ លោកធួន ស៊ីណានប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានលើកឡើងថា ការដែលនាំគ្នាទៅវិនិយោគតែវិស័យនេះមួយបែបនេះ គឺវាមិនល្អនោះទេ ។ បើម្នាក់ៗគិតតែវិនិយោគលើអចលនទ្រព្យ លើដីធ្លី លើដីឡូត៏តើមានអ្នកមានលុយប៉ុន្មាន ដែលទៅទិញដីឡូត៍ ទៅទិញអចលនទ្រព្យទាំងនោះ ។
លោកបន្តថា “នៅក្នុងវិបត្តិបែបនេះ មានវិស័យជាច្រើនជួបបញ្ហាជាពិសេសទេសចរណ៍ ហើយមានប្រតិបត្តិករទេសចរជាច្រើន ក៏បានទៅចាប់ជំនាញជាអ្នកវិនិយោគលើអចនទ្រព្យនិងមានកាន់តែច្រើន”។ លោកបន្តថា “វាមិនល្អទេបើគិតតែនាំគ្នាសម្រុកលើវិស័យនេះ ។ ពួកគេគួរតែរកវិស័យណាដែលមានចីរភាពយូរអង្វែង”៕